បាត់ដំបង៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ប្រាប់ EAC News ថាករណីរថភ្លើងដឹកប្រេងបុកជាមួយរថយន្តដឹកថ្មរបស់ក្រុមហ៊ុន លឹម ម៉េង គ្រុប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ គិតមកដល់ពេលនេះខាងភាគីទាំងពីរពុំទាន់មានការមកសម្រុះសម្រួលគ្នានៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានអះអាងដូច្នេះថា៖ «ភាគីទាំងពីរពុំទាន់បង្ហាញឆន្ទៈទាមទារសំណងនៅឡើយទេ»។
លោកបន្តថា តែយ៉ាងណាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនឹងរង់ចាំឱ្យភាគីទាំងពីរធ្វើពាក្យបណ្តឹង ហើយស្នងការនឹងជួយអន្តរាគមន៍ដោះស្រាយ ប៉ុន្តែប្រសិនភាគីទាំងពីរមិនព្រមដោះស្រាយបញ្ចប់រឿងគ្នាទេ នោះអាជ្ញាធរនឹងបញ្ជូនបន្តទៅតុលាការឱ្យដោះស្រាយជាបន្តទៀត។
បើតាមលោក សាត គឹមសាន ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាជ្ញាធរមិនទាន់អាចកំណត់ថាភាគីខាងណាជាអ្នកខុសទាំងស្រុងនោះទេ ខណៈសន្និដ្ឋានជាបឋមថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺដោយសារមិនបានដាក់បារ៉ាស់សម្រាប់បាំងឱ្យត្រឹមត្រូវ ដោយគ្រាន់តែមានមនុស្សតែម្នាក់ឈរបាំងដោយលើកតែទង់ចំនួន២នៅលើផ្លូវតែប៉ុណ្ណោះ៕