ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យសាលានីមួយៗត្រូវបើកដំណើរការជាធម្មតានៅថ្ងៃបុណ្យចូលឆ្នាំចិន ហើយសិស្សក៏ត្រូវមករៀនជាធម្មតាផងដែរ ពោលមិនត្រូវឈប់សម្រាកឡើយ ពីព្រោះបុណ្យចូលឆ្នាំចិនមិនមែនជាពិធីបុណ្យប្រពៃណីជាតិខ្មែរឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានណែនាំឱ្យមាតាបិតា អាណាព្យាបាលសិស្សមិនត្រូវរៀបចំកម្មវិធីជួបជុំគ្រួសារ ឬដំណើរកម្សាន្តចំថ្ងៃដែលកូនរៀនដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កូនឡើយ។
លោកបានថ្លែងប្រាប់ EAC News ដូច្នេះថា៖ «បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣ទេ។ សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជាប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា»។
តែយ៉ាងណាមិញ ពេលចូលឆ្នាំចិនម្តងៗ បើទោះបីមិនមែនជាថ្ងៃឈប់សម្រាកក្តី ក៏នៅមានសិស្សសាលា មន្ត្រីរាជការ និងបុគ្គលិកមួយចំនួនដែលជាប់សែស្រឡាយចិនសុំច្បាប់ឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ ឬមានដំណើរកម្សាន្តផ្សេងៗ ដែលនេះសឹងតែក្លាយជាទម្លាប់ប្រពៃណីទៅហើយ៕