វៀតណាម៖ លោក Philippe Troussier បានឈានដល់កិច្ចព្រមព្រៀងជំហានដំបូងជាមួយសហព័ន្ធបាល់ទាត់វៀតណាម (VFF) ក្នុងការចូលមកដឹកនាំក្រុមជម្រើសជាតិវៀតណាមឈុតធំ។
លោក Philippe Troussier នឹងចូលមកជំនួសតំណែងរបស់លោក Park Hang seo ដែលនឹងលាលែងពីតំណែងចាប់ពីថ្ងៃទី៣១ ខែមករានេះតទៅ។
លោក Philippe Troussier ដែលត្រូវបានគេស្គាល់ថា "គ្រូធ្មប់ស្បែក-ស" ក្រោយពេលដែលលោកធ្វើបាននូវរជ្ជកាលដឹកនាំបាល់ទាត់នៅទ្វីបអាហ្វ្រិកជោគជ័យជាបន្តបន្ទាប់ជាមួយក្រុមជម្រើសជាតិកូឌីវ័រ ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង និងក្រុមជម្រើសជាតិបូគីណាហ្វាសូ។ លោកធ្លាប់ដឹកនាំក្រុមនៅកូឌីវ័រលើកពានលីគកំពូល មុននឹងតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ហើយក្រោយមកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិនីហ្សេរីយ៉ា ដោយមានគោលដៅជួយឱ្យក្រុមឡើងវគ្គចែកពូល World Cup ១៩៩៨ តែចុងក្រោយក៏មកដឹកនាំក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងវីញ។
លោកបានឈានមកកាន់បាល់ទាត់អាស៊ីនៅឆ្នាំ ១៩៩៨ ក្រោយចប់ World Cup ដែលជាការត្រៀមខ្លួនជាសហម្ចាស់ផ្ទះ World Cup ២០២២ របស់ជប៉ុន។ លោកបានជួយឱ្យក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំរបស់ជប៉ុន ទទួលបានជើងឯករងនៅក្នុងព្រឹត្តិការណ៍ FIFA Youth World Cup ១៩៩៩ និងដឹកនាំក្រុម U-23 ជប៉ុនដល់វគ្គ ៨ក្រុមចុងក្រោយនៅព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០០០។ សមិទ្ធិផលធំបំផុតរបស់លោកជាមួយក្រុមជម្រើសជាតិជប៉ុនគឺជួយក្រុមគ្រងជើងឯក AFC Asian Cup ២០០០ និងឈានដល់វគ្គ ១៦ក្រុមចុងក្រោយនៅ World Cup ឆ្នាំ២០០២។
លោកបានចូលមកកាន់បាល់ទាត់វៀតណាមក្នុងឆ្នាំ២០១៩ ក្នុងនាមជាគ្រូបង្គោលក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៩ឆ្នាំ និងជួយក្រុមឡើងវគ្គចែកពូល AFC U19 Asian Cup ២០២០ ផងដែរ មុននឹងត្រៀមខ្លួនដឹកនាំក្រុមឈុតធំវៀតណាម ជាពិសេសព្រឹត្តិការណ៍ AFC Asian Cup ២០២៣នេះ៕