បារាំង៖ ក្រុមនិយោជិតពោរពេញដោយភាពខឹងសម្បារប្រឆាំងនឹងគម្រោងនៃច្បាប់កំណត់អាយុចូលនិវត្តន៍ បានធ្វើការរំខានដល់ខ្សែរថភ្លើងល្បឿនលឿន បង្អាក់ដល់ការផ្គត់ផ្គង់អគ្គិសនី និងដើរដង្ហែរជាក្បួនតាមផ្លូវនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះ ដែលជាការធ្វើកូដកម្ម និងការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស។ កូដកម្ម និងការតវ៉ានេះត្រូវបានគេសម្លឹងឃើញថាជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់លោក Emmanuel Macron និងតំណែងជាប្រធានាធិបតីរបស់លោក។
និយោជិត កម្មករ បុគ្គលិកនៅក្នុងប្រទេសបារាំងនឹងតម្រូវឱ្យធ្វើការយូរជាងមុន មុនពេលដែលទទួលបានប្រាក់សោធននិវត្តន៍ក្រោមច្បាប់ដែលគ្រោងនឹងចេញថ្មី ដែលនឹងពន្យារអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ទៅដល់ ៦៤ឆ្នាំវិញ។ នៅក្នុងប្រទេសដែលមានប្រជាជនវ័យចំណាស់ និងអាយុសង្ឃឹមរស់ជាមធ្យមខ្ពស់ ដែលមនុស្សគ្រប់គ្នាទទួលបានប្រាក់សោធននិវត្តន៍របស់រដ្ឋ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Macron បញ្ជាក់ថា កំណែទម្រង់គឺជាមធ្យោបាយតែមួយគត់ដើម្បីរក្សាប្រព័ន្ធមួយនេះ។
សហជីពអះអាងថា កំណែទម្រង់ប្រាក់សោធននិវត្តន៍គំរាមកំហែងដល់សិទ្ធិតស៊ូ និងស្នើសុំឱ្យមានការទាមទារពន្ធលើប្រាក់បៀវត្សរ៍ច្រើនជាងនេះពីនិយោជក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធសោធននិវត្តន៍។ ការស្ទង់មតិកន្លងមកក៏បានបង្ហាញដែរថាប្រជាជនបារាំងភាគច្រើនប្រឆាំងនឹងការធ្វើកំណែទម្រង់នេះ។ ការប្រមូលផ្តុំជាង ២០០កន្លែងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅជុំវិញប្រទេសបារាំងនាសប្តាហ៍នះ រួមទាំងការជួបជុំដ៏ធំមួយនៅទីក្រុងប៉ារីស ដែលមានការចូលរួមពីបណ្តាសហជីពទាំងអស់នៅក្នុងប្រទេសបារាំង។
យោងតាមអាជ្ញាធរផ្លូវដែក SNCF បានឱ្យទិន្នន័យថា ខ្សែរថភ្លើងភាគច្រើននៅជុំវិញប្រទេសបារាំងត្រូវបានលុបចោល រួមទាំងការខ្សែរត់តភ្ជាប់ជាអន្តរជាតិមួយចំនួនផងដែរ។ ដោយឡែក មានជើងហោះហើរចេញពីអាកាសយានដ្ឋាន Orly នារដ្ឋធានីប៉ារីសប្រមាណជា ២០ភាគរយបានលុបចោល និងជើងហោះហើរមួយចំនួនទៀតបានព្រមានពីការពន្យារពេលផងដែរ។ ដោយឡែក បុគ្គលិកផ្នែកអគ្គិសនីមួយចំនួនបានសន្យាថានឹងបន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីជាផ្នែកមួយនៃការតវ៉ា ខណៈគ្រូបងៀនថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សាប្រហែល ៧០ភាគរយបានប្រកាសពីការមិនបំពេញការងារ ខណៈពេលសភាសិស្សវិទ្យាល័យមួយចំនួនក៏បានចូលរួមការតវ៉ានេះ ដោយនឹងបិទផ្លូវចូលសាលាមួយចំនួនផងដែរ។
ចំពោះដំណើរការនៃការធ្វើច្បាប់នេះ រដ្ឋាភិបាលបារាំងគ្រោងនឹងបង្ហាញជាផ្លូវការនូវច្បាប់ស្តីពីសោធននិវត្តន៍នៅថ្ងៃចន្ទ ទី២៣ ខែមករាខាងមុខនេះ ហើយច្បាប់នេះនឹងបញ្ជូនទៅសភាដើម្បីពិភាក្សានៅខែក្រោយ។ ភាពជោគជ័យរបស់ច្បាប់នេះអាចកើតឡើងឬអត់ ក៏នឹងអាស្រ័យមួយផ្នែកលើទំហំ និងរយៈពេលនៃការធ្វើកូដកម្ម និងការតវ៉ានៅក្នុងប្រទេសផងដែរ៕