ភ្នំពេញ៖ ជើងហោះហើរអន្តរជាតិឆ្នាំ២០២២ ចូលមកកម្ពុជាសរុបមានចំនួន ១០ ៩៣៨ជើង ខណៈក្នុងឆ្នាំ២០២១ មានត្រឹមតែ ២ ១៣៩ជើង។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានចេញរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ ឱ្យដឹងថាជើងហោះហើរអន្តរជាតិចូលមកកម្ពុជាសរុបមានចំនួន ១០ ៩៣៨ ក្នុងឆ្នាំ២០២២ ដោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន ៨ ៧៤០ជើង និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) មាន ១ ៧៣៨ជើង រួមទាំងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) មាន ៤៦០ជើង។
តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា កម្ពុជាទទួលបានទេសចរបរទេស សរុបចំនួនប្រមាណ ២,២៨លាននាក់ ដែលកើនឡើងចំនួន ១០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងរួមមាន ទេសចរជាតិប្រមាណ ១៣,៩៣លាននាក់ កើនឡើង ១៩៩% រីឯទេសចរបរទេសប្រមាណ ១,៨៨លាននាក់ កើនឡើង ៥៧២%។
ជាមួយគ្នានេះដែលក្រសួងទេសចរណ៍ក៏បានបញ្ជាក់ថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកកម្ពុជាក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ រួមមាន ថៃ ចំនួន ៨៥៣ ៣៧៦នាក់ កើនឡើង ៩៤២,៧% និងវៀតណាម ចំនួន ៤៦៣ ៩៩៥នាក់ កើនឡើង ១ ៩៩៧,៦% រួមទាំងចិន ១០៦ ៨៧៥នាក់ កើនឡើង ១៣៣,៥% និង ជនជាតិដទៃទៀតដូចជា សហរដ្ឋអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និង អង់គ្លេសផងដែរ។
គួរឱ្យដឹងដែរថា ថ្មីៗនេះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអភិវឌ្ឍន៍កោះរ៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) និងផ្តល់ការទទួលស្គាល់លើផែនការមេ សម្រាប់សាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់៤C លើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងព្រះសីហនុ ដែលអាចជាឱកាសទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ៕