ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គឺជាការប្រមាថ និងធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច។
ប្រតិកម្មរបស់គណបក្សកាន់អំណាចដ៏ធំនេះ គឺក្រោយពីគណបក្សប្រឆាំងមួយនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ ខែមករា ដោយថាគណបក្សកាន់អំណាចបានធ្វើការគាបសង្កត់ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយមកលើខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះ គណបក្សប្រជាជនកម្ពុជា ប្រកាសថាមិនអាចទទួលយកបានឡើយ ខណៈបច្ចុប្បន្នគណបក្សមួយនេះកំពុងកាន់អំណាចដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជាមួយនឹងការគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន។
គណបក្សប្រជាជនកម្ពុជាបានសង្កត់ធ្ងន់ថា៖ «គណបក្សនឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ»។
ជាមួយគ្នានេះគណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។
គណបក្សប្រជាជនកម្ពុជាបានអះអាងថា នឹងចូលរួមយ៉ាងសកម្មជាមួយបណ្តាគណបក្សនយោបាយ និង គ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សនេះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់រួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារ សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ៕