កណ្តាល៖ បុរសវ័យចំណាស់ ៧៤ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាព ដែលគួរឱ្យខ្មាស់អៀន គ្មានភាពជាមនុស្សចាប់រំលោភលើចៅស្រីខ្លួនឯងដែលទើបតែមានអាយុ ១១ឆ្នាំ បានសម្រេចនៅចំណុចភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
មេប៉ុស្តិ៍រដ្ឋបាលកោះខ្សាច់ទន្លា លោក គង់ ហួរ បានបញ្ជាក់ប្រាប់អង្គភាព EAC news ថាជនសង្ស័យកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឆ្លៀតឱកាសពេលដែលប្រពន្ធ និងឪពុកម្តាយជនរងគ្រោះមិននៅផ្ទះ ក្នុងពេលដែលជនរងគ្រោះបានលេងបិទពូនជាមួយក្មេងៗដទៃទៀតនៅក្នុងផ្ទះជនសង្ស័យ។ ឱកាសល្អក៏ចាប់អូសចៅស្រីចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភបានសម្រេចដោយខ្ទប់មាត់ចៅស្រីកុំឱ្យស្រែក។
លោកមេប៉ុស្ដិ៍បន្តថា លុះដល់លោកយាយដែលជាប្រពន្ធជនសង្ស័យបានមកផ្ទះ រួចក៏ឃើញចៅស្រីខ្លួនរត់មកផ្ទះខ្លួនដែលនៅជាប់ក្បែរផ្ទះជនសង្ស័យ មានសភាពស្លេកស្លាំងសង្ស័យក៏ពិនិត្យលើខ្លួនចៅស្រីទើបដឹងថាជនរងគ្រោះត្រូវបានតាបង្កើតខ្លួនរំលោភ រួចហើយក៏បានតេហៅម្តាយជនរងគ្រោះ។ បន្ទាប់មកម្តាយក៏បានដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា។
លោកបន្ថែមថា ជនសង្ស័យទំនងទប់អារម្មណ៍តណ្ហាដែលពុះកញ្ច្រោលខ្លួនឯងពុំបាននោះ ត្រូវបានជាប់ខ្នោះពីបទសេពសន្ថវៈលើអនីតិជនក្រោម ១៥ឆ្នាំ និងពីបទរំលោភសេពសន្ថវៈមានស្ថានភាពទម្ងន់ទោស។ ជនសង្ស័យជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
បើតាមមេប៉ុស្តិ៍រដ្ឋបាលកោះខ្សាច់ទន្លា ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសួរនាំ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់)ឆ្នាំ»។ ការផ្តន្ទាទោសនេះ សំដៅតែលើបទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ ខណៈបើគិតពីស្ថានទំនង់ទោសជនល្មើសអាចនឹងជាប់ពន្ធនាគារពី៧ឆ្នាំ ដល់១៥ឆ្នាំ។
បញ្ហានោះគឺថាបើសិនជារកឃើញទោស និងជាប់ពន្ធនាគារមែន មិនដឹងថាតាម្នាក់នេះអាចមានសង្ឃឹមឃើញពន្លឺសេរីភាពដែរឬទេខណៈបច្ចុប្បន្នអាយុ ៧៤ឆ្នាំរួចហើយ៕