ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

បទយកការណ៍៖ អាជីវកររីករាយជាមួយការលក់រណ្តាប់សែនចូលឆ្នាំចិន-វៀតណាម ខណៈមានអតិថិជនច្រើនជាងឆ្នាំមុនៗ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន កំពុងមមាញឹកនឹងការលក់-ទិញ គ្រឿងតុបតែង រណ្តាប់សែន ដើមឈើ និងផ្កានាំសំណាងជាច្រើន ស្របពេលបុណ្យចូលឆ្នាំចិន-វៀតណាម ជិតចូលមកដល់។

ក្រលែកមើលអាជីវករនៅតាមផ្សារមានទឹកមុខសប្បាយរីករាយ ទោះបីជាហត់នឿយនឹងការលក់យ៉ាងណាក៏ដោយ ព្រោះមានអតិថិជនមកទិញទំនិញជាហូរហែរ ដែលក្នុងនោះមានលក់ជ្រូក មាន់ទាខ្វៃ ផ្លែឈើ នំនែកសំខាន់ៗសម្រាប់ថ្ងៃសែនចូលឆ្នាំចិនផងដែរ។

កំពុងរវល់និយាយទូរស័ព្ទឆ្លើយឆ្លងនឹងអ្នកទិញ អ្នកស្រី លីម ម៉េងហេង ជាអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឬស្សី ដែលតាំងលក់ជ្រូកខ្វៃ មាន់ទាខ្វៃ ជាច្រើនឆ្លៀតផ្តល់កិច្ចសម្ភាស៍ខ្លីដល់ EAC News ថាឆ្នាំនេះមានអ្នកទិញច្រើនជាងឆ្នាំមុនៗ។

អ្នកស្រីថា៖ «ឆ្នាំនេះភ្ញៀវមកច្រើនជាងឆ្នាំមុន […] ឆ្នាំនេះល្អជាងឆ្នាំទៅច្រើន»


ក្រៅតែពីសែនម្ហូប ផ្លែឈើ និងភេសជ្ជៈផ្សេងៗ គ្រឿងតុបតែងលម្អ ក៏ជាគ្រឿងតំណាងឱ្យលាភនាពិធីបុណ្យចូលឆ្នាំចិនវៀតណាមផងដែរ។ គ្រឿងលំអពណ៌ក្រហម-មាស ដែលជនជាតិចិនកំណត់ថាជាពណ៌នាំសំណាងបណ្តេញភាពចង្រៃ និងបង្កើនភាពខ្ពង់ខ្ពស់ឆ្នាំថ្មី ឃើញមានតាំងលក់ជាច្រើនតាមផ្ទះ និង ផ្សារនានា។

អ្នកស្រី ស្រីនិច ជាអាជីវករលក់បោះដុំ និងលក់រាយគ្រឿងតុបតែងសម្រាប់ថ្ងៃចូលឆ្នាំចិន កំពុងញាប់ដៃបូកបញ្ជីគិតប្រាក់ឱ្យអតិថិជន ទាំងបែកញើសសស្រាំ បានឱ្យដឹងថាអ្នកស្រីលក់រហូតដល់ម៉ោង១យប់ទើបបានសម្រាក តែមិនជាថ្វីព្រោះមានអតិថិជនគាំទ្រ និងមកទិញច្រើន។

អ្នកស្រីរៀបចំទំនិញដាក់លក់តាំងតែពី ១ខែកន្លះមុនដើម្បីឱ្យអ្នកទិញបោះដុំបានឆាប់លក់បន្ត និងអ្នកដែលចង់លម្អទីតាំងខ្លួនបានរៀបចំមុន ប៉ុន្តែមានសន្ទុះអ្នកទិញច្រើនខ្លាំងប្រមាណ ១០ថ្ងៃមកនេះ ហើយមុខទំនិញដែលលក់ដាច់ជាងគេក្នុងហាងអ្នកស្រីគឺ គោម ក្រដាសសែន ក្រដាសបិទផ្ទះ ដែលជាគ្រឿងចាំបាច់សម្រាប់ថ្ងៃសែន និង ថ្ងៃចូលឆ្នាំចិន។

អ្នកស្រីថា៖ «បងតាំងមុនតាំងពី១ខែកន្លះមុន ព្រោះឥវ៉ាន់បងមានបោះដុំមានលក់រាយច្រើន អ៊ីចឹងងាយស្រួលសម្រាប់ម៉ូយយកទៅលក់បន្ត ឬអ្នកដេគ័រ គាត់អាចយកទៅមុនបានលឿន [….] មុន ១០ថ្ងៃគឺសន្ទុះច្រើនមែនទែន ហើយលក់ដាច់ខ្លាំង»


អ្នកស្រីបន្តឱ្យដឹងថា បន្ទាប់ពីការដឹកនាំរបស់រដ្ឋាភិបាល លើវិធានការចាក់វ៉ាក់សាំង និងបើកដំណើរការគ្រប់វិស័យឡើងវិញ ការលក់ដូររបស់អ្នកស្រីក្នុងឆ្នាំនេះដំណើរការប្រសើរជាងឆ្នាំមុនៗ។

អ្នកស្រី ស្រីនិច៖ «បន្ទាប់ពីការដឹកនាំរបស់រាជរដ្ឋាភិបាល រឿងវ៉ាក់សាំងកូវីដ-១៩ ហើយការបើកវិស័យគ្រប់វិញតាំងអស់នឹងគឺការលក់ដូរវាឡើង (លក់ដាច់) ជាងឆ្នាំទៅឆ្ងាយ»

ក្រឡេកមើលតាមផ្លូវក៏ឃើញមានការតាំងលក់ផ្កាស្បៃរឿង ដើមក្រូច ជាពិសេសដើមផ្កាអង្គាសិល្ប៍ជាច្រើន មានអ្នកទិញទាំងឡាន ម៉ូតូចាំត្រៀមដឹកផ្កា និង ដើមទាំងនេះ យកទៅតាំងលម្អក្នុងផ្ទះ ហាង ឬ ទីតាំងផ្សេងរៀងខ្លួន។

ក្រោមកំដៅថ្ងៃក្តៅខ្លាំង តែមានទឹកមុខរីករាយអ្នកស្រី អាង ឡេង ជាអ្នកលក់ដើមអង្គាសិល្ប៍នៅកៀនរបងវត្តសំពៅមាសជាង១០ឆ្នាំមកហើយ និយាយទាំងញញឹមថា ឆ្នាំនេះមានអ្នកទិញច្រើនក្នុង១ថ្ងៃៗអ្នកស្រីលក់ដាច់បានច្រើនដើម ដែលដើមអង្គាសិល្ប៍អ្នកស្រីដាក់លក់មានតម្លៃចាប់ពី ៦០ដុល្លារ ដល់ ២០០ដុល្លារ។

អ្នកស្រី អាង ឡេង៖ «ឆ្នាំនឹងគ្រាន់បើវិញ ឆ្នាំទៅអត់សូវទេ ឆ្នាំនឹងលក់ដាច់គ្រាន់បើ ពីម្សិលបាន ៤-១០ផើង»


អ្នកស្រីក៏បានបញ្ជាក់ដែរថា ជាទូទៅគឺលក់ដាច់ចំពោះដើមដែលមានតម្លៃ ១៥០ដុល្លារ ព្រោះមានទំហំសមល្មមស្អាត សម្រាប់យកទៅដាក់តាំងលម្អ។

លោក សា លូ ជាអតិថិជនម្នាក់ដែលបានមកទិញដើមអង្គាសិល្ប៍ ដោយបានបញ្ចាក់ថាតាមទំនៀមទម្លាប់ចិនដើមអង្គាសិល្ប៍នេះគឺតំណាងឱ្យការនាំសំណាង និងតាមជំនឿផ្សេងៗគ្នា ហើយលោកតែងតែមកទិញដើមអង្គាសិល្ប៍នេះជារៀងរាល់ឆ្នាំ។

លោក សា លូ៖ «ទំនៀមទម្លាប់ចិន ជាទូទៅយើងត្រូវប្រើវាម្តងព្រោះអីអត្ថន័យវាមានច្រើនដែរ យើងដាក់ក្នុងផ្ទះយើងអាចនិយាយថាហ៊ុងស៊ុយផង ការរកស៊ីរបស់យើងផង ហ្នឹងទៅតាមជំនឿរបស់គេរៀងៗខ្លួនដែរ»

លោក សា លូ ក៏ជាអាជីវករលក់ជ្រូកខ្វៃម្នាក់ដែរ លោកក៏បានអះអាងថាឆ្នាំនេះការលក់ដូររបស់លោកកើនបាន ៣០ភាគរយបើធៀបនឹងឆ្នាំមុនៗ។

គួរឱ្យដឹងដែរថា ថ្ងៃសែនចូលឆ្នាំចិនឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ហើយចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយចូលរួមរីករាយជាមួយប្រជាជនខ្មែរកាត់ចិនក្នុងឱកាសឆ្នាំថ្មី ខណៈសម្ដេចបានអំពាវនាវឱ្យពលរដ្ឋបើកបរមានការប្រុងប្រយ័ត្ន និងប្រយ័ត្នប្រយែងចំពោះអគ្គិភ័យផងដែរ។

សម្តេចបានមានប្រសាសន៍ថា៖ «សូមឱ្យបងប្អូនទទួលការសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំចិនវៀតណាម»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក