ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យមេធាវីសិក្សាទៅលើសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងត្រៀមប្ដឹងឡើងតុលាការបន្ថែមទៀត។ សម្ដេចថា សេចក្ដីថ្លែងការណ៍នេះបានចោទប្រកាន់ថាគណបក្សកាន់អំណាចបានធ្វើការគាបសង្កត់លើគណបក្សប្រឆាំង ដែលគ្មានភស្ភុតាងណាមួយទាល់តែសោះ។
ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានឃើញសេចក្ដីថ្លែងការណ៍របស់បក្សភ្លើងទៀនហើយ ដែលមានចរិតចោទប្រកាន់មកបក្សកាន់អំណាច នឹងប្រាប់ឲ្យពួកគេបង្ហាញភស្ភុតាងពីការគំរាមកំហែងផងដែរ។
សម្ដេចថា៖ «ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជនខ្ញុំមិនឱ្យអ្នកឯងមកប្រមាថគណបក្សរបស់ខ្ញុំទេ»។
សម្ដេចបានផ្ដាំថាវប្បធម៌សុំទោសគួរតែលុបបំបាត់ហើយខណៈពីថ្ងៃនេះទៅមិនលើកលែង និងមិនអត់ឱននោះទេ៕