អាមេរិក៖ កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០២២ នៅសហរដ្ឋអាមេរិកបានបញ្ចប់ទៅហើយ ប៉ុន្តែបវរកញ្ញាចក្រវាឡតំណាងកម្ពុជា និងអតីតបវរកញ្ញាតំណាងកម្ពុជា ៣រូបផ្សេងទៀតដែលទៅគាំទ្រ មិនទាន់ត្រលប់មកប្រទេសកម្ពុជាវិញទេ ស្រាប់តែឃើញវត្តមានអ្នកទាំង៤ នៅឯសេតវិមានប្រធានាធិបតីអាមេរិក។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ ផេកផ្លូវការ Miss Universe Cambodia បានបង្ហាញពីសកម្មភាពរបស់បវរកញ្ញាចក្រវាឡកម្ពុជាដែលត្រៀមចូលក្នុងសេតវិមានប្រធានាធិបតីអាមេរិក ដែលរួមមាន កញ្ញា រឿន ណាត បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៩ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ និងបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២២ កញ្ញា ហង្ស ម៉ានីតា ដែលទើបតែបញ្ចប់ការប្រកួតកាលពីពេលថ្មីៗនេះ បានចូលរួមទស្សនកិច្ចនៅ សេតវិមានប្រធានាធិបតីអាមេរិក។
អ្វីកាន់តែពិសេសទៀតនោះ បវរកញ្ញាចក្រវាឡកម្ពុជាទាំង៤ជំនាន់នេះ បានស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់បំព្រង ដែលបង្ហាញពីតម្លៃ និងសេចក្តីថ្លៃថ្នូរនៃនារីខ្មែរចូលទស្សនាកិច្ចក្នុងសេតវិមានប្រធានាធិបតីអាមេរិក និង បានលើកឡើងដូចគ្នាថា ពិតជាសប្បាយចិត្ត មិននឹកស្មានថា មានឱកាសបានចូលទស្សនា សេតវិមានប្រធានាធិបតីអាមេរិកផ្ទាល់បែបនេះឡើយ។
ជាមួយគ្នានេះដែរ កញ្ញា រឿន ណាត បានបង្ហោះសារអមជាមួយរូបភាពបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពក្នុងទស្សនាកិច្ចនេះ។
កញ្ញាឱ្យដឹងថា៖ «នាងខ្ញុំពិតជាមានកិត្តិយស នឹងមានមោទនភាពខ្លាំងមែនទែន ក្នុងនាមជាកូនខ្មែរ១រូប ដែលមានឱកាសបានមកទស្សនកិច្ចនៅ សេតវិមានរបស់ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក នាងខ្ញុំពិតជាមិនហ៊ានស្រមៃថា ខ្លួនឯងនឹងមកដល់ទីនេះ» ។
បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ កញ្ញា ហង្ស ម៉ានីតា បង្ហាញអារម្មណ៍ពិតថា៖ « តើអ្នកណានឹងជឿថាថ្ងៃណាមួយខ្ញុំនឹងមានឱកាសលើកទង់ជាតិកម្ពុជាមិនត្រឹមតែនៅលើឆាកសកលលោកប៉ុណ្ណោះទេ ប៉ុន្តែអាចលើកវាឡើង រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់យើងនៅសេតវិមាននៅទីក្រុងវ៉ាស៊ីនតោន»៕