ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងដឹកប្រេងបុកជាមួយរថយន្តធុនធ្ងន់ដឹកថ្ម មិនបណ្តាលឱ្យមនុស្សស្លាប់ឡើយ
បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថភ្លើងដឹកប្រេងសាំងបុកប៉ះជាមួយរថយន្តធុនធ្ងន់ដឹកថ្មពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដឹកសាទែនប្រេងមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ សយ សម្បត្តិ អាយុ ៥៧ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើងពីភ្នំពេញ មកខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធ្ងន់ដឹកថ្មពណ៌ខៀវ ម៉ាក HYUNDAI មួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះ ស្វាយ រឿន អាយុ ៤៦ឆ្នាំ រស់នៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត។
បើទោះបីជារថភ្លើងស៊ីផ្លេ ក៏ដូចជាមន្ត្រីសែបរថភ្លើងឈរស្ទាក់យ៉ាងណាក្តី តែខាងតៃកុងរថយន្តមិនបានអង្អង់ទេ ទើបបណ្តាលឱ្យរថភ្លើងបុកពេញទំហឹងក្រឡាប់ផ្ងារជើងទាំងពីរគ្រឿងតែម្តង តែយ៉ាងណាមិនបណ្តាលឱ្យមានរងការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕