អ៊ុយក្រែន៖ ប្រធានក្លិបបាល់ទាត់អ៊ុយក្រែន Shakhtar Donetsk លោក Rinat Akhmetov បានប្រកាសថា ក្លិបនឹងធ្វើការបរិច្ចាគនូវទឹកប្រាក់ចំនួន ២៥លានដុល្លាអាមេរិកជាជំនួយដល់យោធា និងក្រុមគ្រួសាររបស់ពួកគេ។ ការប្រកាសនេះបានធ្វើឡើងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលក្លិបបានធ្វើការលក់ចេញនូវខ្សែប្រយុទ្ធស្លាប Mykhailo Mudryk ក្នុងតម្លៃបំបែកកំណត់ត្រាទៅឱ្យក្លិបនៅ Premier Leauge តោខៀវ Chelsea។
ក្រៅពីការប្រកាសនេះ លោក Akhmetov បានបញ្ជាក់ថា ក្លិបបាល់ទាត់ Shakhtar Donetsk ក៏គ្រោងនឹងធ្វើការប្រកួតមិត្តភាពជាមួយក្លិប Chelsea នាកីឡដ្ឋាន Donbass ក្នុងទីក្រុង Donetsk។ ក្រោយពីការផ្ទេរ Mudryk ទៅកាន់ក្លិប Chelsea កាលពីថ្ងៃអាទិត្យ ក្លិប Shakhtar Donetsk នឹងទទួលបានប្រាក់ចំនួន ៧៦លានដុល្លាអាមេរិក ព្រមទាំងប្រាក់បន្ថែមរង្វាន់ផ្សេងៗទៀតចំនួនប្រមាណ ៣០លានអឺរ៉ូផងដែរ។
លោក Akhmetov បាននិយាយថា ទឹកប្រាក់នេះនឹងត្រូវបែងចែកជាផ្នែកនៃគម្រោងមួយដែលមានឈ្មោះថា បេះដូងនៃ Azovstal ដែលមានគោលបំណងជួយការពារដល់ទាហ៊ានការពារក្រុង Mariupol និងក្រុមគ្រួសាររបស់ពួកគេ។ កន្លងមក កងកម្លាំងអ៊ុយក្រែនការពារនៅទីក្រុង Mariupol ត្រូវបានជាប់គាំងនៅក្នុងរោងចក្រដែក Azovstal ជាច្រើនសប្តាហ៍ ខណៈដែលកងកម្លាំងរុស្ស៊ីព្យាយាមដណ្តើមយកទីក្រុងមួយនេះ ដែលក្រោយមកអ៊ុយក្រែនបានចុះចាញ់នៅខែឧសភាកន្លងទៅ។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Chelsea ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីរុស្សី លោក Roman Abramovich ដែលបានប្រកាសលក់ក្លិបក្រោយពេលដែលកងកម្លាំងរុស្សីបានធ្វើការវាយចូលប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានទិញយកដោយមហាសេដ្ឋីអាមេរិក Todd Boehly និងក្រុមហ៊ុន Clearlake Capital៕