
សម្តេចតេជោ ធ្វើមាតុនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចនៅម៉ាល់ឌីវប្រកបដោយលទ្ធផលផ្លែផ្កា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើមាតុនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបំពេញទស្សនកិច្ចនៅម៉ាល់ឌីវរយៈពេល ២យប់ ៣ថ្ងៃប្រកបដោយលទ្ធផលផ្លែផ្កាជាច្រើន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត បានអញ្ជើញទៅទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាពីប្រទេសម៉ាល់ឌីវ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅម៉ាល់ឌីវនេះ បានសម្រេចដោយលទ្ធផលត្រចេះត្រចង់ជាច្រើន ក្នុងនោះកម្ពុជា និងម៉ាល់ឌីវ បានចុះកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតាសម្រាប់រយៈពេល ៣០ថ្ងៃ។ កិច្ចព្រមព្រៀងរវាងគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ជាមួយគ្នានេះភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ក្នុងនោះ ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ៕