ម៉ាល់ឌីវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងនាំចូលត្រីខកំប៉ុងដែលជាផលិតផលផលិតដោយផ្ទាល់នៅប្រទេសម៉ាល់ឌីវ ដើម្បីបំពេញតម្រូវការក្នុងស្រុកបន្ថែមទៀត។
ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចពិភាក្សាការងារទ្វេភាគី នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ថ្វីត្បិតកម្ពុជាជាប្រទេសមានត្រីទឹកសាប និងត្រីទឹកប្រៃ ប៉ុន្តែនៅតែផ្គត់ផ្គង់តម្រូវការមិនគ្រប់គ្រាន់ឡើយ ខណៈក្នុងមួយឆ្នាំៗកម្ពុជាប្រើប្រាស់ត្រីខកំប៉ុងរាប់ម៉ឺនកេសសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ «កម្ពុជាពិតមែន មានតែត្រីទឹកសាប និងត្រីទឹកប្រៃ ប៉ុន្តែនៅតែបំពេញតម្រូវការមិនគ្រប់គ្រាន់ឡើយ។ ត្រីខកំប៉ុង ប្រហែលមានលទ្ធភាពច្រើនជាងគេក្នុងការនាំចូលមកកម្ពុជា ពីព្រោះក្នុងមួយឆ្នំាៗ កម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ គ្រាន់តែប៉ុន្មានខែមុននេះ កម្ពុជាប្រើត្រីខកំប៉ុងប្រមាណ ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់គ្រួសារដែលមានការលិចលង់ជំនន់ទឹកភ្លៀង»។
ជាមួយគ្នានេះ សម្តេចតេជោបានលើកថា កម្ពុជាក៏អាចមានលទ្ធភាពពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមានទំហំទំនិញដែលអាចនាំចូលទៅម៉ាល់ឌីវ ដូចជាអង្ករ ពោត ម្រេច ដំឡូងមី គ្រាប់ ស្វាយចន្ទី និងផ្លែឈើ, ផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ ការធ្វើដំណើរ, និងផលិតផលក្រៅពីសម្លៀកបំពាក់ មានដូចជា គ្រឿងអគ្គិសនី អំពូលភ្លើង សម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ។
សម្តេចតេជោបានបញ្ជាក់ថា ផលិតផលដែលនាំចូលពីកម្ពុជា ពោលមិនមែនសម្រាប់ប្រជាជនម៉ាល់ឌីវប៉ុណ្ណោះទេ តែសម្រាប់វិស័យទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវទាំងមូលផងដែរ៕