ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោតចំនួន ២ ២២៥គ្រួសារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការនាំយកអំណោយនេះ បានធ្វើឡើងនៅបរិវេណវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ១កេសតូច និងប្រេងឆា ១ដប។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងកាលពីម្សិលមិញថា មកដល់ពេលនេះកម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត ទឹកចាប់ផ្តើមស្រកជាបណ្តើរៗ ខណៈអាជ្ញាធរបាននឹងកំពុងតែរៀបចំបាវខ្សាច់ដើម្បីទប់ទឹកកុំឱ្យហៀរចូលផ្ទះពលរដ្ឋក្នុងសង្កាត់ដទៃទៀត។
លោកបន្តថា អាជ្ញាធរនឹងបន្តការពារសុវត្ថិភាព និងចាំសង្គ្រោះពលរដ្ឋដែលរងគ្រោះ ពោលដោយមិនទុកពលរដ្ឋឱ្យដាច់ពោះស្លាប់នោះឡើយ។
គួរឱ្យដឹងដែរថា អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្តើមហូរចូល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទឹកស្ទឹងបានបន្តហូរមកពីខេត្តកំពង់ស្ពឺធ្លាក់មកស្ទឹងព្រែកត្នោត បង្កឱ្យមានការជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលារៀនចំនួន៣ វត្តអារាមចំនួន២ និងមណ្ឌលសុខភាពចំនួន១ ព្រមទាំងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ០៩០ ខ្នងផ្ទះ ស្មើនឹង ២ ២២៥ គ្រួសារ មានប្រជាពលរដ្ឋ ៩ ៥៤៥នាក់ ក្នុងសង្កាត់ចំនួន១០ ស្មើនឹង ៣១ភូមិ៕