កំពង់ស្ពឺ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺទទួលស្គាល់ថា នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ ពិតជាបានយកលុយពីពលរដ្ឋដែលល្មើសចរាចរណ៍២០០ដុល្លារដោយឲ្យបាញ់តាម ABA ពិតមែន នឹងបានស្រាវជ្រាវបាននគរបាលចរាចរណ៍១០នាក់ទៀតទាំងខ្សែដូចសម្លកំពឹស អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបញ្ចាក់នៅល្ងាចថ្ងៃទី១៦ ខែមករានេះថា៖ «ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ដូចគណនេយ្យ ABAដែលអះអាងថាជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យABA Khem Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយផ្នែក ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ»។
ការពិនិត្យនេះគឺបន្ទាប់ពីមានគណនី ហ្វេសប៊ុក ឈ្មោះ គង្គារ លំអរមង្គល " ថាប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺផាក់សាហាវណាស់ដឹងយេីងប្រញាប់ផាក200$ អោយបាញ់ចូលកុងហេីយ បណ្លំមិនអោយ វិក័យទៀតហេីយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith)បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀតគ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់"។
ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៧៩-៨០ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោង មួយគ្រឿងស្លាកលេខភ្នំពេញ 2BP_4662 ក្នុងទិសដៅពីខាងកេីតទៅទិសខាងលិច ឆ្ពោះទៅខេត្ដព្រះសីហនុ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃេីញអ្នកបេីកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មេីសច្បាប់។
សមត្ថកិច្ចបានប្រាប់ថាបទល្មេីសខាងលេី គឺពិន័យ ១,២០០,០០០ រៀល និងពិន័យ ១៥០,០០០ រៀលបន្ថែមល្មេីសទំនិញសំពីងសំពោង ពេលនោះអ្នករួមដំណើរនិងជាម្ចាស់សំអាងការបានប្រាប់ថាសុំសំរួល ដោយសុំជូនជាប្រាក់២០០ដុល្លា តែសុំលេខ ABA ដេីម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ២០០ដុល្លារួចក៏បានបន្ដដំណេីរទៅបាត់។
បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវនិងចំណាត់ការលេីមន្រ្ដីចរាចរណ៍ទាំង១០នាក់ យកមកទុកបណ្ដោះអាសន្ននៅការរិយាល័យបុគ្គលិក អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ ចំពោះម្ចាស់រថយន្តខាងលេីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងស្រាវជ្រាវទាក់ទងដេីម្បីសុំធ្វេីការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លាជូនគាត់វិញ។
ជាមួយនឹងការទទួលស្គាល់នូវកំហុសមន្ត្រីខ្លួន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នើដល់មហាជនឲ្យចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនិងអំពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕