កំពត៖ រដ្ឋបាលក្រុងកែបបានចេញសេចក្តីជូនដំណឹងដល់អាជីវករដែលលក់ដូរនៅផ្សារក្តាម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយមិនអនុញ្ញាតឱ្យអាជីវករផ្សារក្ដាម ប្រើជញ្ជីងយួរដៃ និងដើរចាប់ភ្ញៀវលើផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យនោះទេ។
អភិបាលក្រុងកែប លោក ខេង យ័ន បានណែនាំអាជីវករនៅតំបន់ផ្សារក្ដាម ត្រូវរៀបចំកន្លែងលក់ដូរឱ្យមានសោភ័ណភាពរបៀបរៀបរយ និងមិនអនុញ្ញាតឱ្យប្រើជញ្ជីងយួរដៃជាដាច់ខាត ដោយជញ្ជីងត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានត្រឹមត្រូវ ព្រមទាំងមិនអនុញ្ញាតឱ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈនោះទេ។
អភិបាលក្រុងកែបក៏បានឱ្យដឹងទៀតថា អាជីវករដែលលក់ដូរនៅតំបន់ផ្សារក្ដាមទាំងអស់ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ នៅពេលលក់ដូរចប់ ក្នុងករណីអាជីវករមិនអនុវត្តតាមការណេនាំ អាជ្ញាធរក្រុងកែប នឹងចុះរៀបចំសណ្ដាប់ធ្នាប់យកសម្ភារមករក្សាទុក ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលក់ រួមទាំងពិន័យតាមច្បាប់ផងដែរ។
សេចក្តីជូនដំណឹងធ្វើឡើង ក្រោយពីមួយរយៈកន្លងមកនេះ មានមានភ្ញៀវទេសចរជាច្រើនរិះគន់ ដល់អាជីវករផ្សារក្តាម ដែលលក់ដូរបន្លំភ្នែកជញ្ជីង ខណៈអាជ្ញាធរក្រុងបានក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់អាជីវករជាច្រើនលើករួចមក ហើយអំពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព សុជីវធម៌ ពិសេសការលក់ក្ដាម បង្គារ ត្រី ថ្លឹងជញ្ជីងមិនគ្រប់គីឡូ ជូនភ្ញៀវទេសចរ៕