ម៉ាល់ឌីវ៖ កម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែក្នុងខេត្តជាប់មាត់សមុទ្រ ហើយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវលោក Ibrahim Mohamed Solih បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បាននាំព្រះរាជសារសួរសុខទុក្ខពីព្រះមហាក្សត្រកម្ពុជា អមជាមួយការអញ្ចើញ លោក Ibrahim Mohamed Solih មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ឆ្នាំនេះ។
សម្តេចតេជោបានឱ្យដឹងថា «វិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» អាចនឹងសម្ពោធក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខរបស់លោក Ibrahim Mohamed Solih។
សម្តេចមានប្រសាសន៍ថា៖ «ការចាប់ផ្តើមដ៏ល្អបំផុត ដែលខ្ញុំទៅដល់កម្ពុជាខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយក្នុងពេលនោះទស្សនកិច្ចរបស់ឯកឧត្តមអាចធ្វើទៅ យើងអាចនឹងសម្ពោធផ្លូវនេះតែម្តង»។
កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ។ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចសហព្រមព្រៀងចំនួន៦ ដើម្បីពង្រឹងទំនាក់ទំនងការទូត សុខាភិបាល និងវិស័យទេសចរណ៍ ក៏ដូចជាអប់រំរវាងប្រទេសទាំងពីរ៕