ម៉ាល់ឌីវ៖ កម្ពុជា និងម៉ាល់ឌីវ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍» ដើម្បីជំរុញផ្នែកវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ប្រជាជនមកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដែលទៅទស្សនកិច្ចនៅកម្ពុជាលើប្រាង្គប្រាសាទនានា ប៉ុន្តែបន្ទាប់ទៅគេអាចទៅម៉ាល់ឌីវដើម្បីងូតទឹក និងលំហែកាយនៅមាត់សមុទ្រ»។
សម្តេចតេជោ បានលើកឡើងថា ប្រទេសទាំងពីរនឹងបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងគ្នាលើការលើកលែងការស្នើសុំទិដ្ឋាការ Visa លើអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។
សម្តេចពិតជាចាប់អារម្មណ៍វិស័យទេសចរណ៍នៅម៉ាល់ឌីវ ក្រោយពីសម្តេចបានទៅដល់ប្រទេសម៉ាល់ឌីវ និងបានសម្រាកលំហែកាយមុជទឹកសមុទ្រដ៏ស្រស់ថ្លាក្នុងប្រទេសមួយនេះ។
សម្តេចបានកោតសរសើរដល់ប្រធានាធិបតីម៉ាល់ឌីវដែលបានកសាងប្រទេសមួយនេះឱ្យក្លាយជាមហាសាគរដ៏ទាក់ទាញ។ សម្តេចតេជោ បានថ្លែងដូច្នេះថា៖«នៅម៉ាល់ឌីវជាចំណុចដែលខ្ញុំគួរតែនិយាយថា ជាភាពអស្ចារ្យនៅក្នុងមហាសមុទ្រសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ដ៏គួរឱ្យទាក់ទាញបំផុត»។
ក្រៅពីចុះកិច្ច MOU គ្នាលើវិស័យទេសចរណ៍ ប្រទេសទាំងពីរក៏នឹងមានកិច្ចព្រមព្រៀងគ្នាលើផ្នែកសេដ្ឋកិច្ច សុខាភិបាល និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕
PHOTO: Samaun An Khoun