ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្តស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញបានស្រកចុះជាបណ្តើរៗហើយ។ ជំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យផ្ទះពលរដ្ឋជាង ២ពាន់ខ្នង ដែលមានជាង ១ពាន់គ្រួសាររងផលប៉ះពាល់។
អ្នកស្រី មុំ មីនា ជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងសង្កាត់គងនយ បានលើកឡើងថា នៅរដូវវស្សាជារៀងរាល់ឆ្នាំ អ្នកស្រីតែងតែជួបនូវបញ្ហានេះ ប៉ុន្តែអ្នកស្រីទើបតែជួបស្ថានភាពទឹកជំនន់ក្នុងរដូវប្រាំងនៅដើមឆ្នាំនេះជាលើកដំបូង។ បើតាមអ្នកស្រី មីនា ពេលផ្ទះសម្បែងជន់លិច ខ្លួននិងក្រុមគ្រួសាររើទៅស្នាក់នៅជាផ្ទះបងប្អូនដែលមិនទាន់លិចនៅក្បែរផ្ទះខ្លួនជាបណ្តោះអាសន្នសិន។
ជាពលរដ្ឋរស់នៅតំបន់នេះជាង ៣០ឆ្នាំ អ្នកស្រី មុំ មីនា បានរៀបរាប់ពីផលលំបាកពេលរស់នៅតាមសណ្តរស្ទឹងព្រែកត្នោតនៅរដូវវស្សាដូច្នេះថា៖ «ពិបាករស់នៅផ្ទះយើងទាប ជិតសណ្តស្ទឹង ពិបាកអត់មានកន្លែងទើរអ៊ីវ៉ាន់ អ៊ីវ៉ាន់ខ្លះក៏ទើរកើត អ៊ីវ៉ាន់ខ្លះអត់កើតអ៊ីចឹងទៅ ក៏ចោលក្នុង (ទឹក) ហ្នឹងទៅ»។
មានវ័យ ៣១ឆ្នាំ អ្នកស្រី មុំ មីនា ក៏បង្ហាញពីក្តីបារម្ភអំពីសត្វសិរពិស ដូចជា សត្វពស់ និងក្អែបជាដើម។ ចំណែកពលរដ្ឋម្នាក់ទៀត គឺអ៊ុស្រី មុំ ស៊ីម ក៏មានផលលំបាកក្នុងការរស់នៅក្នុងតំបន់ជន់លិចដោយសារទឹកភ្លៀងផងដែរ។ អ៊ុស្រី មុំ ស៊ីម បានរៀបរាប់ដូច្នេះថា៖ «នៅតំបន់នេះពិបាកវេទនាទាំងអស់ អត់មានអ្នកស្រណុកទេ បាក់ដី (បាក់ទំនប់) រត់មកកណ្តាលទាំងអស់ទាំងយប់»។
តែយ៉ាងណាមិញ ពលរដ្ឋបានថ្លែងអំណរគុណដល់អាជ្ញាធរដែលបានខិតខំជួយសង្រ្គោះពួកគេទាន់ពេលវេលា និងថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ ដែលតែងតែងផ្តល់ជាអំណោយដល់ពួកគេដែលរងគ្រោះដោយសារទឹកជំនន់។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងពេលលោកចុះមកត្រួតពិនិត្យស្ថានភាពទឹកនៅសង្កាត់គងនយ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា ទឹកចាប់ផ្តើមស្រកជាបណ្តើរៗ ខណៈអាជ្ញាធរបាន និងកំពុងតែរៀបចំបាវខ្សាច់ដើម្បីទប់ទឹកកុំឱ្យហៀរចូលផ្ទះពលរដ្ឋក្នុងសង្កាត់ដទៃទៀត។
លោកបន្តថា អាជ្ញាធរនឹងបន្តការពារសុវត្ថិភាព និងចាំសង្គ្រោះពលរដ្ឋដែលរងគ្រោះ ពោលដោយមិនទុកពលរដ្ឋឱ្យដាច់ពោះស្លាប់នោះឡើយ។
លោកគូសបញ្ជាក់ថា ជាផែនការបន្ត ខាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងធនធានទឹកនិងឧតុនិយម នឹងសហការគ្នាធ្វើការចាក់ដីស ធ្វើជាទំនប់ដើម្បីការពារជំនន់ទឹកភ្លៀង និងធានាដល់សុខាមាលភាព និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ។
សូមបញ្ជាក់ថា ពលរដ្ឋជាង ១ពាន់គ្រួសាររស់នៅក្នុងសង្កាត់ចំនួន១០ រងផលប៉ះពាល់ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ក្រាំងពង្រ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ព្រែកកំពឹស សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់ដង្កោ និងសង្កាត់ព្រៃវែង៕