ម៉ាល់ឌីវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៊ីប្រាហ៊ីម សាឡេះ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្តល់ការហ្វឹកហាត់សម្រាប់កីឡាករហែលទឹក និងបណ្តុះបណ្តាលដល់មន្រ្តីធ្វើបដិសណ្ឋារកិច្ចកម្ពុជាចំនួន ២០នាក់ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា ទន្ទឹមនេះកម្ពុជាក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតម៉ាល់ឌីវចំនួន ១០នាក់សិក្សាថ្នាក់ឧត្តមសិក្សានៅកម្ពុជាផងដែរ។
បើតាមសម្តេចតេជោ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតប្រទេសទាំងសងខាងនេះ គឺជាចំណុចចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងកម្រិតនយោបាយផង និងក្នុងកម្រិតបណ្តុះបណ្តាលធនធានមនុស្សផង។
សម្តេចគូសបញ្ជាក់ថា ក្រៅពីទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចក៏ជំរុញឱ្យប្រទេសទាំងពីរមានកិច្ចប្រតិបត្តិការផ្នែកវិស័យវប្បធម៌ និងវិស័យទេសចរណ៍ផងដែរ៕
PHOTO: Samaun An Khoun