អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបញ្ចប់នៅកាតព្វកិច្ចតម្រូវឱ្យពាក់ម៉ាស់នៅលើជើងរថភ្លើង និងរថយន្តក្រុងចម្ងាយឆ្ងាយ ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ ក្រោយពីការស្ថានភាពកូវីដ-១៩ ហាក់មានភាពធូរស្រាលជាងមុនក្នុងប្រទេស។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអាល្លឺម៉ង់កាលពីចុងសប្តាហ៍កន្លងទៅ។
រដ្ឋមន្រ្តីសុខាភិបាល លោក Karl Lauterbach បានធ្វើសេចក្តីប្រកាសក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីសុខាភិបាលតាមបណ្តារដ្ឋទាំង ១៦ ដោយបានបញ្ជាក់ថា ស្ថានភាពឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះស្ថិតក្នុងស្ថានការអាចគ្រប់គ្រងបាន។
តែទោះជាយ៉ាងណាក្តី រដ្ឋមន្រ្តីនៅតែបន្តលើកទឹកចិត្តឱ្យពលរដ្ឋពាក់ម៉ាស់ដោយស្ម័គ្រចិត្ត ដោយផ្អែកលើស្មារតីទទួលខុសត្រូវរៀងៗខ្លួន និងលើកឡើងថាវីរុសមិនមែនជារឿងតូចតាចឡើយ ព្រមទាំងព្រមានពីផលប៉ះពាល់រយៈពេលវែងដែលអាចកើតឡើងក្រោយការឆ្លងកូវីដ-១៩ ផងដែរ។
គួររំឮកថា កាតព្វកិច្ចពាក់ម៉ាស់នេះត្រូវបានដាក់ចេញចាប់តាំងពីការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩ ក្នុងប្រទេស និងគ្រោងបញ្ចប់នាថ្ងៃទី០៧ ខែមេសាខាងមុខនេះ ប៉ុន្តែរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់កាតព្វកិច្ចនេះមុនពេលកំណត់ដែលគ្រោងទុក។ ទោះជាយ៉ាងណក្តី កន្លងមកបណ្តារដ្ឋមួយចំនួនក៏បានបន្ធូរបន្ថយកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈជាច្រើនរដ្ឋមកហើយ។
គួរឱ្យដឹងថា អាល្លឺម៉ង់ គឺជាប្រទេសដែលនៅសល់តិចតួចប៉ុណ្ណោះដែលតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់ ខណៈប្រទេសនានាបានលុបចោលការតម្រូវតាំងពីឆ្នាំ២០២២ មកម្ល៉េះ។ ក្រៅពីអាល្លឺម៉ង់ នៅមានប្រទេសអេស្ប៉ាញមួយទៀតដែលនៅតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់នៅលើជើងរថភ្លើង និងរថយន្តក្រុងដឹកដំណើរចម្ងាយឆ្ងាយ ខណៈដែលរដ្ឋាភិបាលធ្លាប់បានប្រកាសកាលពីខែតុលាថា កាតព្វកិច្ចនេះអាចនឹងមានបន្តរហូតដល់ខែមីនា ឆ្នាំ២០២៣៕