ចិន៖ យន្តហោះប្រភេទ Boeing 737 MAX មួយគ្រឿងបានហោះហើរចេញពីភាគខាងត្បូងប្រទេសចិនកាលពីចុងសប្តាហ៍កន្លងទៅ ជាជើងហោះហើរក្នុងស្រុកដំបូងគេដែលប្រើប្រាស់យន្តហោះធុនធំប្រភេទនេះចាប់តាំងពីខែមីនា ឆ្នាំ២០១៩ ចាប់តាំងពីឧបទ្ទវហេតុប៉ះទង្គិចដ៏គ្រោះថ្នាក់បំផុតបានកើតឡើង។
ជើងហោះហើរដោយយន្តហោះប្រភេទ Boeing 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានហោះចេញពីទីក្រុង គ័ងចូវ (Guangzhou) និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ចឹងចូវ (Zhengzhou)។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Flightradar24។
ក្រៅពីជើងហោះហើរចេញពីក្រុង Guangzhou ទៅកាន់ទីក្រុងZhengzhou ក៏នៅមានជើងហោះហើរ Boeing 737 MAX មួយគ្រឿងទៀតចេញទៅកាន់ទៅក្រុង Wuhan នៅថ្ងៃតែមួយជាមួយផងដែរ។
គួរបញ្ជាក់ ចិនបានសម្រេចផ្អាកការហោះហើរដោយប្រភេទយន្តហោះ Boeing 737 MAX នេះក្រោយពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចំនួន ២ បានកើតឡើងកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបានធ្លាក់ភ្លាមៗមិនប៉ុន្មានម៉ោងក្រោយពីហោះចេញពីអាកាសយានដ្ឋានទីក្រុង Addis Ababa និងបានសម្លាប់មនុស្សលើយន្តហោះចំនួន ១៥៧នាក់។ ហេតុការណ៍នេះបានកើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយពីហេតុការណ៍នៅឥណ្ឌូណេស៊ីដែលបានសម្លាប់មនុស្សចំនួន ១៨៩នាក់។
ក្រោយការស៊ើបអង្កេតបានបង្ហាញថា មូលហេតុធំចម្បងនៃការធ្លាក់យន្តហោះទាំងពីរនេះគឺបណ្តាលមកពីការដំណើរការមិនប្រក្រតីនៃប្រព័ន្ធគ្រប់គ្រងការហោះហើរ ឬហៅថា MCAS។ យ៉ាងណាមិញយន្តហោះប្រភេទនេះបានដាក់ឱ្យដំណើរការហោះហើរវិញនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ក្រោយពីបានកែប្រែលើការគ្រប់គ្រង Software និងការបង្វឹកបន្ថែមចំពោះអ្នកបើកយន្តហោះ៕