ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ពិតជាសាហាវណាស់ ហ៊ានជួលឃាតករ ១ ០០០ដុល្លារសម្លាប់ប្តីខ្លួនឯង

កណ្តាល៖ ក្រោយករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងបានឃាត់ខ្លួនស្ត្រីដែលជាភរិយាជនរងគ្រោះសួរនាំ ទើបបែកធ្លាយថាភរិយាជាអ្នកជួលឃាតករសម្លាប់ប្ដីខ្លួនឯង។

តាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឱ្យដឹងថា ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួននិងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វើការឆក់ និងរឹតករ សម្លាប់។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ហើយបានសារភាពថាខ្លួនបានស៊ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។

សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវជាប្តីរបស់ឈ្មោះ សាន់ ធីតា។

គួរឱ្យដឹងដែរថា នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង ៦ម៉ែត្រ ជម្រៅប្រហែល ២,៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល ១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុ។ អាជ្ញាធរភូមិឃុំ គ្រូពេទ្យចុះមកពិនិត្យសាកសពអណ្តែតទឹកនោះឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម)។

បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក