ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីកម្ពុជាធ្វើដំណើរចាកចេញទៅកាន់ទីប្រទេសម៉ាល់ឌីវ

ភ្នំពេញ÷ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីប្រទេសម៉ាល់ឌីវ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះដើម្បីពង្រឹងចំណងទាក់ទងជាមួយប្រទេសនេះ។

យន្តហោះពិសេសប្រតិភូកម្ពុជាបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង៨ព្រឹក។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គណៈប្រតិភូជាន់ខ្ពស់ដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ គឺមានរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងអំឡុងសម្តេចតេជោមានវត្តមាននៅសាធារណរដ្ឋម៉ាល់ឌីវ សម្តេចនឹងមានជំនួបពិភាក្សាផ្លូវការជាមួយលោកប្រធានាធិបតី ស៊ីប្រាហ៊ីម ម៉ូហាមេដ សូលី។ ក្នុងឱកាសនោះ ភាគីទាំងពីរនឹងពិភាក្សាលើ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និង អន្តរជាតិ។ បន្ទាប់ពីជំនួបថ្នាក់ដឹកនាំទាំងពីរនឹងចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាមួយគ្នានេះ ភាគីទាំងពីរនឹងស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក