ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ថ្នាក់ដឹកនាំ អ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធនានា មិនត្រូវចាត់ទុកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ។
ថ្លែងក្នុងឱកាសជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី៥ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានសង្កត់ធ្ងន់ដូច្នេះថា៖ «វាគឺជាកំហុសនៃការដឹកនាំប្រសិនជាយកសារព័ត៌មានជាសត្រូវរបស់ខ្លួន»។
ក្នុងដំណាក់កាលរាតល្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់អ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយសារសំឡេងរបស់សម្តេចតេជោពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក។ ជាពិសេសចូលរួមរំលែកផ្សព្វផ្សាយពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសល្បែងស៊ីសង និងបទល្មើសផ្សេងៗ។
ក្នុងជំនួបរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃនេះ មានអ្នកសារព័ត៌មានជាង ៥ពាន់នាក់៕