ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គ្រូចិនសែ ប្រាប់អំពីរបៀបរៀបចំគ្រឿងរណ្តាប់សែននៅ «ថ្ងៃសែនដកជើងធូប»

ភ្នំពេញ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃសែនដកជើងធូប។ សែនដកជើងធូប ជាពិធីសែនព្រេនដែលពលរដ្ឋចិន និងពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែនិយមធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំចិនចន្លោះពី៥ថ្ងៃ ទៅ៧ថ្ងៃ។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាព EAC News គ្រូចិនសែ កុក ឡុង បានបញ្ជាក់ប្រាប់អំពីអត្ថន័យនៃថ្ងៃសែនដកជើងធូប ពោលគឺជាថ្ងៃសែនជូនដំណើរ និងអរគុណដល់ទេវតាឆ្នាំចាស់ដែលបានតាមជួយថែរក្សាដល់កូនចៅនៅឋានកណ្តាលពេញមួយឆ្នាំកន្លងមក។

គ្រូចិនសែវ័យ ៧៣ឆ្នាំរូបនេះបញ្ជាក់ថា តាមប្រពៃណីចិន មុនថ្ងៃសែនដកជើងធូប គឺពលរដ្ឋចិនត្រូវរៀបចំ និងបោសសម្អាតផ្ទះឱ្យបានស្អាតបាត និងបោកសម្លៀកបំពាក់ឱ្យបានស្អាតល្អ។ គ្រូចិនសែ កុក ឡុង ប្រាប់ឱ្យដឹងថា កំប៉ុងជើងធូប តាមប្រពៃណីចិន គេកម្រផ្លាស់ប្តូរ ពោលគឺប្រើទាល់តែបែក និងខូចខាត ទើបគេដូរចេញ។

គ្រូចិនសែម្នាក់ទៀតគឺ លី ម៉េង បានបញ្ជាក់ប្រាប់ EAC news ឱ្យដឹងថាពិធីសែនដកជើងធូប គឺមិនមែនមានន័យថាត្រូវតែដកជើងធូបទាំងអស់ចេញពីកំប៉ុង និងផើងឡើយ ពោលគឺត្រូវទុកជើងធូបចាស់ចំនួន ៥សរសៃនៅកន្លែងសែនទេវតាជំនាងផ្ទះ ទេវតាខាងមុខផ្ទះចំនួន ៣សរសៃ ទេវតាថែរក្សាទ្វារផ្ទះសងខាងចំនួន១ ទៅ៣សរសៃ កន្លែងសែនកុងម៉ាត្រូវរក្សាទុកជើងធូបចំនួន ៣សរសៃក្នុងមួយកំប៉ុងជើងធូប និងកន្លែងសែនទេវតាចង្រ្កានត្រូវរក្សាទុកជើងធូបចំនួន ៣សរសៃ។

លោកគ្រូចិនសែ លី ម៉េង បានប្រាប់ពីគ្រឿងសំណែនសម្រាប់សែនដកជើងធូប ត្រូវរៀបចំផ្លែឈើពី៣ ទៅ៥មុខទៅតាមលទ្ធភាព ហើយផ្លែឈើដែលសែនទទួលបានមង្គលមានដូចជា ផ្លែក្រូច ប៉ម ទម្លាប់ សារី និងផ្លែមៀន មាន់ស្ងោរ សាច់ជ្រូក៣ជាន់ យឺហ៊ឺ តែ ស្ករគ្រាប់ តែក្តៅ ស្រាស ថ័រគួយ ឬនំគូរឆាយក្រហម និងក្រដាសសែន។

បើតាមលោកគ្រូ លី ម៉េង កន្លែងដែលគួរតែសែនមុនគេបង្អស់នោះគឺជាកន្លែងសែនទេវតាចង្រ្កាន្ត ពីព្រោះជាកន្លែងដែលទេវតាមុននឹងឡើងឋានសួគ៌ គឺអាចដឹងច្បាស់ថាម្ចាស់ផ្ទះមានលទ្ធផលគ្រប់គ្រាន់ធ្វើម្ហូបអាហារឆ្ងាញ់ៗឱ្យសោយ ហើយនឹងទូលថ្វាយស្តេចអំពីទឹកចិត្តដែលយើងបានធ្វើ ដើម្បីដំឡើងបារមីទេវតានាំលាភជ័យដល់យើងពេញមួយឆ្នាំថ្មី។

លោកគ្រូបន្តថា បន្ទាប់មកត្រូវសែននៅមុខផ្ទះដោយសែនជាសំណែនបួស ដូចជា មីសួរ ពពុះសណ្តែក ផ្សិតខ្មៅ ផ្សិតត្រចៀកកណ្តុរ និងជីចាយ នំអ៉ី តែ៣ពែង និងផ្កាពណ៌លឿង។

លោកបន្តថា ពេលវេលាដែលល្អបំផុតសម្រាប់ថ្ងៃសែនដកជើងធូប គឺចាប់ពីព្រឹកព្រលឹមឡើងទៅ ពោលមិនត្រូវសែនឱ្យលើសពីម៉ោង១១ថ្ងៃត្រង់ឡើយ ហើយក្នុងអំឡុងសែនដកជើងធូប គឺត្រូវនាំគ្នាញញឹមនាំសេរីសួស្តីដល់ក្រុមគ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក