ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់ស៊ីរីវត្ថា បានបញ្ជាក់ថា បើទោះបីជាចិនបានបើកប្រទេសឡើងវិញកាលពីថ្ងៃទី៨ ខែមករា ក៏ដោយតែការតភ្ជាប់ជើងហោះហើរឡើងវិញដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅមិនទាន់ប្រាកដនៅឡើយ។
លោក ស៊ិន ចាន់ស៊ីរីវត្ថា បានឱ្យ EAC News ដឹងនៅថ្ងៃទី១៣ ខែមករានេះថា ភាពស្រពិចស្រពិលនេះក៏ដោយសារក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួនមិនទាន់ស្នើសុំការអនុញ្ញាតចុះចតជាក់លាក់នៅឡើយ។
លោកថា៖ «យើងពិនិត្យមើលឃើញមាននិន្នាការស្នើសុំទីចំណតបំរុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយសារការសុំទីចំណតបំរុង មិនមែនជាសូចនាករជាក់លាក់នោះទេ យើងរង់ចាំមើលការស្នើសុំការអនុញ្ញាតិចុះចតសិន នេះទើបអាចរាប់បានថា ជាចំនួនជាក់លាក់»។
លោកបានបញ្ជាក់ថាកម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយទទួលធុរជន និងភ្ញៀវទេសចរចិនពេលមកដល់កម្ពុជា។
កាលពីខែសីហា ឆ្នាំ២០២២ កន្លងមកប្រទេសបានអនុញ្ញាតឱ្យមានជើងហោះហើររវាងចិននិងកម្ពុជា ចំនួន ៣០ជើងក្នុងមួយសប្តាហ៍ ដោយក្រុមហ៊ុនអាកាសចរណ៍ខ្មែរអាចហោះទៅប្រទេសចិនចំនួន ១៥ជើងក្នុងមួយសប្តាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាចធ្វើការហោះហើរមកកាន់ប្រទេសកម្ពុជា ចំនួន ១៥ជើងក្នុងមួយសប្តាហ៍ដូចគ្នា ខណៈដែលមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ក្រុមហ៊ុនដែលកំពុងហោះហើរចេញ-ចូលកម្ពុជា មកពី ៧គោលដៅ៕