ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គណៈប្រតិភូជាន់ខ្ពស់ដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ គឺមានរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចន សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងអំឡុងសម្តេចតេជោមានវត្តមាននៅសាធារណរដ្ឋម៉ាល់ឌី សម្តេចនឹងមានជំនួបពិភាក្សាផ្លូវការជាមួយលោកប្រធានាធិបតី ស៊ីប្រាហ៊ីម ម៉ូហាមេដ សូលី។ ក្នុងឱកាសនោះ ភាគីទាំងពីរនឹងពិភាក្សាលើ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និង អន្តរជាតិ។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរ សមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្តី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជាមួយគ្នានេះ ភាគីទាំងពីរនឹងស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕