ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC បានរំដោះគ្រាប់មីនអស់ក្នុងខេត្តចំនួន៩ ដោយបានកម្ទេចចោលគ្រាប់មីន និងគ្រាប់មីនមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ៦១ ៤៧៧គ្រាប់ ក្នុងឆ្នាំ២០២២។
អង្គភាពស៊ីម៉ាក់ បានបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថាប្រតិបត្តិការនេះ បោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង ១៩៤គីឡូម៉ែត្រក្រឡា ស្មើនឹង ៩១,៤ភាគរយ គិតជាតំបន់ចម្ការមីនមានចំនួនជាង៣៤០ និងរំដោះភូមិឱ្យអស់គ្រាប់មីនបានចំនួន ១៦៨ភូមិ ព្រមទាំងរំដោះខេត្តឱ្យអស់គ្រាប់មីនបាន ចំនួន៩ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៦១ ៤៧៧គ្រាប់។
នាយកមជ្ឈមណ្ឌលស៊ីម៉ាក់ លោក ហេង រតនា បានប្រាប់ EAC News ថា « ខេត្តទាំង៩គឺ រាជធានីភ្នំពេញ កណ្តាល កែប កំពត តាកែវ កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ និងខេត្តស្វាយរៀង។
លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថាលទ្ធផលនៃការបោសសម្អាតមីននេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ពលរដ្ឋជាង ៣ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន ថែមទាំងបានផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅចំនួន ២២ ៧៦៥លើក មានអ្នកចូលរួមជាង ១៣៤ម៉ឺននាក់។
លោកបានឱ្យដឹងទៀតថា ក្រោយពីការពិភាក្សា និងការតម្រង់ទិសក្នុងឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក់ មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ជាង ២៦៨គីឡូម៉ែត្រក្រឡា ឬអាចពង្រីកដល់ ៣០០គីឡូម៉ែត្រក្រឡា និងត្រៀមឆ្លើយតបតាមសំណើអន្តរាគមន៍បន្ទាន់ពីពលរដ្ឋ និងធានាសុខសុវត្ថិភាពសង្គមជាតិ។
គួរឱ្យដឹងដែរថា អង្គភាពស៊ីម៉ាក់ ក៏បានត្រៀមខ្លួន ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីន ជាមួយនឹងប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួនទៀតដូចជា ប្រទេសកូឡុំប៊ី ឡាវ និងអ៊ុយក្រែនជាដើម៕