ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចប់ការប្ដឹងផ្ដល់លើលោក គង់ គាំ ក្រោយពីលោកនិងភរិយាបានសម្រេចផ្ដិតមេដៃប្រគល់ដីនិងផ្ទះនៅចំការមនឱ្យក្រសួងការបរទេសវិញ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ facebook របស់សម្ដេចជាមួយនឹងលិខិតរបស់លោក គង់ គាំ ដែលបានផ្ញើជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ថាលោកសម្រេចប្រគល់ដីនិងផ្ទះនៅខណ្ឌចំការមនឱ្យក្រសួងការបរទេសវិញ។
សម្ដេចបានសរសេរយ៉ាងដូច្នេះថា៖ «ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយៈពេល៣ម៉ោងកន្លះ។ កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»។
ក្នុងសប្ដាហ៍នេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងចេតនាឱ្យក្រសួងការបរទេសទាមទារដី និងផ្ទះដែលលោក គង់ គាំ បន្លំយកមកវិញ ដោយថាលោក គង់ គាំ បានក្លែងបន្លំឯកសារដើម្បីយកដីរបស់រដ្ឋនេះទៅជាកម្មសិទ្ធិរបស់ខ្លួន។ សម្ដេចតេជោថា វាដល់ពេលដែលត្រូវយកដីនិងផ្ទះរបស់រដ្ឋដែល គង់ គាំ បន្លំយកមកវិញហើយ ខណៈកាលពីព្រឹកមិញសម្ដេចតេជោបានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវលើករណីក្លែងបន្លំនេះផងដែរ៕