ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សំណើរចូលដល់ ACU ភ្លាម លោក គង់ គាំ សុំជួបសម្ដេចតេជោ ហ៊ុន សែន ភ្លែត

ភ្នំពេញ៖ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ បានស្នើសុំចូលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីបកស្រាយលើបញ្ហាចំនួន២។ សំណើរសុំនេះគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវលើករណីបំពានដីនិងផ្ទះរបស់រដ្ឋដោយលោក គង់ គាំ។

ក្នុងលិខិតជម្រាបជូនដល់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះលោក គង់ គាំ បានលើកឡើងថា មូលហេតុដែលលោកចង់ជួបសម្ដេចតេជោ គឺចង់ជម្រាបជូនសម្ដេចនូវបញ្ហា២ ដែលរួមមានបញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្ដឹងលោក គង់ គាំ ថាបានញុះញង់ឱ្យមានវឹកវរ ចលាចល អសន្តិសុខ សង្គម និងបញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោក និងក្រុមគ្រួសារកំពុងរស់នៅ។

លោក គង់ គាំ បានបញ្ជាក់ថា៖ «បញ្ហាដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូម សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលជួបដើម្បីសូមសម្ដេចផ្ដល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុតចំពោះបញ្ហាខាងលើដោយក្ដីអនុគ្រោះ»។

ជាមួយគ្នានេះកូនប្រុសលោក គង់ គាំ គឺលោក គង់ មុនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានស្នើសុំសម្ដចតេជោ អនុញ្ញាតឱ្យជួបសម្ដែងការគួរសមផងដែរ។

ក្នុងលិខិតនោះលោក គង់ មុនីកា បានសរសេរថា៖ «សូមសម្ដេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលជួបសម្ដែងការគួរសម និងស្ដាប់ការណែនាំអំពីបរិយាកាស និងដំណើរនយោបាយជាវិជ្ជមាននៃរបបប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា»។

ក្នុងសប្ដាហ៍នេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងចេតនាឱ្យក្រសួងការបរទេសទាមទារដី និងផ្ទះ ដែលលោក គង់ គាំ បន្លំយកមកវិញ ដោយថាលោក គង់ គាំ បានក្លែងបន្លំឯកសារដើម្បីយកដីរបស់រដ្ឋនេះទៅជាកម្មសិទ្ធិរបស់ខ្លួន។ សម្ដេចតេជោថាវាដល់ពេលដែលត្រូវយកដីនិងផ្ទះរបស់រដ្ឋដែល គង់ គាំ បន្លំយកមកវិញហើយ ខណៈកាលពីព្រឹកមិញសម្ដេចតេជោបានស្នើឱ្យអង្គភាពប្រឆាំងអំពើរពុករលួយបើកការស្រាវជ្រាវលើករណីក្លែងបន្លំនេះផងដែរ។

ជាមួយគ្នានឹងការចង់យកដីនិងផ្ទះរបស់រដ្ឋមកវិញ មេធាវីគណបក្សប្រជាជនក្នុងខេត្តត្បូងឃ្មុំ ក៏បានសម្រេចប្ដឹងលោក គង់ គាំ ទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារផងដែរ ដែលការប្ដឹងនេះគឺអះអាងថា លោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយក្នុងខេត្តដែលថាបានបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ និងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងបណ្ដឹងចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សហមេធាវី ៣នាក់របស់គណបក្សប្រជាជនកម្ពុជា បានស្នើដល់ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំឱ្យពិនិត្យចោទប្រកាន់ និងផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតលើលោក គង់ គាំ។

ក្នុងលិខិតនោះបានលើកឡើងនូវសំណេរដ៏វែងមួយដែលបានដកស្រង់ចេញពីវេទិការសាធារណៈមួយក្នុងពេលដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ដែលលោក គង់ គាំ បានលើកឈ្មោះ និងវាយប្រហារលើគណបក្សប្រជាជនថា «គណបក្សប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើតរបស់គេដែរហើយ» «នំប្រភពឯជើងន៎ ឆ្ងាយ កើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស» ។ល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក