ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អតីតប្រធានរដ្ឋសភាកូរ៉េ រីករាយនឹងវឌ្ឍនភាពរបស់កម្ពុជា និងសន្យាថានឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យអតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួយការផ្ទាល់របស់សម្ដេចតេជោ គឺលោក អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា អតីតប្រធានរដ្ឋសភាកូរ៉េលោក Park Byeong Seung បានសម្ដែងនូវភាពរីករាយ ជាមួយនឹងវឌ្ឍនភាពរបស់កម្ពុជា ហើយអ្វីដែលលោកកាន់តែមានភាពរីករាយ និងមោទនភាពបំផុតទៀតនោះ គឺកម្ពុជាបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យ លើកស្ទួយកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ។

លោក អ៊ាង សុផល្លែត បានបន្តថា ក្នុងជំនួបនោះដែរលោក Park Byeong Seug ក៏បានជម្រាបជូនសម្ដេចតេជោថា កាលពីឆ្នាំកន្លងទៅសម្ដេចតេជោបានដាក់ការងារឱ្យលោកធ្វើចំនួនបីគឺ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ និងគាំទ្រការផ្ដល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ព្រមទាំងការបង្កើនកូតាសម្រាប់ឱ្យពលករកម្ពុជាបានទៅធ្វើការនៅប្រទេសកូរ៉េ។

បើតាមជំនួយការសម្តេចតេជោ អតីតប្រធានសភារូបនេះក៏បានបញ្ជាក់ថា ការងារទាំងបីនេះគឺបានធ្វើរួចរាល់ប្រកបដោយជោគជ័យហើយ នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ បានចូលជាធរមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏បានចុះហត្ថលេខាធ្វើការសាងសង់ និងកូតាសម្រាប់អនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការនៅកូរ៉េ បានកើនឡើងចំនួន ៤០ភាគរយ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា លោក Park Byeong Seug និងប្រតិភូ នឹងបន្តធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែរីកធំធាត់ និងរឹងមាំថែមទៀត។ ជាមួយគ្នានេះនឹងបន្តស្វែងរកការគាំទ្រជួយដល់កម្ពុជាលើវិស័យដោះមីន រួមទាំងលើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ ឬក៏តាមរយៈ ១បូក។

លោក Park Byeong Seug បានថ្លែងដូច្នេះថា៖« ព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងនោះមាន កម្លាំងយុវជនមានថាមពលនិងគុណភាពខ្ពស់ កម្ពុជាប្រើប្រាស់លុយដុល្លារ និង កម្ពុជា-កូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនិងកត្តាសក្ដានុពលជាច្រើនទៀតដែលមាននៅកម្ពុជា»

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Park Byeong Seung ចំពោះការវាយតម្លៃលើវឌ្ឍនភាពកម្ពុជា ជាមួយការអបអរសាទរលើកជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានធ្វើការទាំងបីដែលសម្ដេចតេជោបានស្នើសុំឱ្យជួយកន្លងមក បានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាបន្ថែមទៀត៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក