អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុម Nottingham Forest ខណៈក្រុមកំពុងឡើងជើង សារិកាព្រៃ Newcastle United នឹងត្រូវជួបជាមួយ Southampton នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពានរង្វាន់លំដាប់ទី៣ EFL Cup។
Nottingham Forest នឹងទទួលស្វាគមន៍ Man Utd មុននៅជើងទី១ ក្រោយពេលក្រុមទើបឡើងមកកាន់ Premier League មួយនេះបានទម្លាក់ Wolverhampton Wanderers នៅវគ្គប៉េណាល់ទីកាត់សេចក្តី ខណៈដែល Manhester United ទម្លាក់ក្រុមមកពីលីគទី៣ Charlton Athletic ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារដើម្បីឡើងមកកាន់វគ្គនេះ។
ដោយឡែក Southampton ដែលកំពុងឈរនៅតំបន់បាតតារាងនៃ Premier League បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយទម្លាក់ក្រុមការពារតំណែងជើងឯក Manchester City ក្នុងលទ្ធផល ២-០ ដើម្បីត្រៀមជួបជាមួយ Newcastle United ដែលទម្លាក់ Leicester City ក្នុងលទ្ធផល ២-០ ដូចគ្នា។
កម្មវិធីប្រកួតនៃពានរង្វាន់ EFL Cup រួមមាន៖
ជើងទី១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៖
Nottingham Forest ប្រកួតជាមួយ Manchester United នៅកីឡដ្ឋាន The City Ground។
Southampton ប្រកួតជាមួយ Newcastle នៅកីឡដ្ឋាន St. Mary។
ជើងទី២ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣៖
Manchester United ប្រកួតជាមួយ Nottingham Forest នៅកីឡដ្ឋាន Old Trafford។
Newcastle ប្រកួតជាមួយ Southampton នៅកីឡដ្ឋាន St. James Park៕