អ៊ូហ្គង់ដា៖ រដ្ឋាភិបាលអ៊ូហ្គង់ដា នៅថ្ងៃពុធ ទី១១ ខែមករាម្សិលមិញនេះ បានប្រកាសពីការបញ្ចប់ការឆ្លងរាលដាលក្រោយការផ្ទុះឡើងនូវវីរុសអេបូឡា ដែលបានកើតឡើងកាលពីជាង ៤ខែមុន នឹងបានសម្លាប់មនុស្សចំនួន ៥៥នាក់។
រដ្ឋមន្រ្តីសុខាភិបាល លោកស្រី ចេន រុត អេងស៍ (Jane Ruth Aceng) បានថ្លែងនៅក្នុងពិធីមួយនៅតំបន់ Mubende ភាគកណ្តាលប្រទេសអ៊ូហ្គង់ដាថា៖ “យើងអាចគ្រប់គ្រងបានដោយជោគជ័យនូវការផ្ទុះឡើងនៃវីរុសអេបូឡា ដែលបានរកឃើញករណីឆ្លងថ្មីកាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍មួយចេញដោយអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ប្រធានអង្គការនេះបានសម្តែងនូវការកោតសរសើរចំពោះប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះថា “មានសកម្មភាពឆ្លើយតបដ៏រឹងមាំ និងទូលំទូលាយ” ចំពោះប្រភេទជម្ងឺគ្រុនឈាមដែលមានការគំរាមកំហែងខ្លាំងចំពោះទ្វីបអាហ្រ្វិកមួយនេះ។
គួរឱ្យដឹងថា រដ្ឋមន្រ្តីសុខាភិបាលអ៊ូហ្គង់ដា បានប្រកាសពីការបិទបញ្ចប់ការផ្ទុះឡើងនៃវីរុសអេបូឡានៅថ្ងៃទី១១ ខែមករានេះ ក្រោយពេលដែលវីរុសនេះបានផ្ទុះឡើងកាលពី ១១៣ថ្ងៃមុន ខណៈក្រោមការវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក វីរុសមួយនេះបានបញ្ចប់ការឆ្លងរាលដាលក្រោយពេលគ្មានអ្នកឆ្លងថ្មីចំនួន ៤២ថ្ងៃ ដែលជារយៈពេល ២ដងនៃរយៈពេលធម្មតានៃការបង្កកំណើត និងចម្លងវីរុសនេះ៕