ភ្នំពេញ៖ សត្វត្រយងចង្កំកស គឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ដូចជាការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។
នៅក្នុងឆ្នាំ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងក្រុមអង្គការអភិរក្ស បានរួមគ្នាចាប់ផ្តើម អង្កេតតាមដានចំនួនសត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការរាប់ចំនួនសត្វនៅក្នុងរដូវវស្សា។ ការរាប់នេះ ត្រូវបានធ្វើឡើងជារៀងរាល់ខែចាប់ពីខែកក្កដា ដល់ខែតុលា ដោយធ្វើការរាប់ចំនួននៅពេលសត្វហើរចូលទ្រនំ នៅពេលល្ងាច និងរាប់ចំនួននៅពេលសត្វហើរចាកចេញពីទ្រនំនៅព្រឹកបន្ទាប់។ ការធ្វើបែបនេះជាការប៉ាន់ ប្រម៉ាណចំនួន និងការបម្រែបម្រួលចំនួនប្រជាសាស្ត្រនៃប្រភេទសត្វនេះ។
អង្គការ WCS បានឱ្យដឹងថា តាមចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះគឺមានចំនួនប្រហែល ១ ០០០ ក្បាល តែប៉ុណ្ណោះ។ ចំពោះការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាថា មានចំនួន ៧៩២ក្បាល ដែលស្មើនឹង៨០ភាគរយនៃរបាយការណ៍លើពិភពលោក។ ការធ្វើជំរឿននេះ ធ្វើឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និង ក្រុមអង្គការអភិរក្ស បានរួមគ្នាតាមដាន និង អង្កេតសត្វ ត្រយងចង្កំកស នៅកម្ពុជាដោយធ្វើការរាប់ចំនួនសត្វនៅរដូវវស្សា ចាប់ពីខែកក្កដា ដល់ខែតុលា។
អង្គការ WCS បានឱ្យដឹងទៀតថា ចំនួនខ្ពស់បំផុតត្រូវបានរាប់ក្នុងឆ្នាំ២០១៣ ដែលបានកត់ត្រាសត្វស្លាបប្រភេទនេះចំនួន ៩៧៣ក្បាល និងមានការកត់ត្រាទាបបំផុតត្រឹមចំនួន ៥៣១ក្បាល ក្នុងឆ្នាំ២០១៨ គឺមានការថយចុះប្រមាណ ៤៧%។ ក្នុងកំឡុងពេលនៃការថយចុះនេះ ប្រទេសកម្ពុជាបានទទួលរងនូវការបាត់បង់ព្រៃឈើកម្រិតខ្ពស់ ពិសេសនៅទីតាំងសម្បទានដីសេដ្ឋកិច្ច។ ការបាត់បង់ ទីជម្រកគួបផ្សំនឹងមានការរំខាននៅកន្លែងសំបុកពងកូន និងទ្រនំរកចំណី បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការ ធ្លាក់ចុះនៃរបាយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា។
នៅឆ្នាំ២០២២ ឆ្នាំទី៤ ដែលបានបង្ហាញពីចំនួននៃការធ្វើជំរឿនបានកត់ត្រាទិន្ន័យខ្ពស់បន្តបន្ទាប់គ្នាដែលលទ្ឋផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅ តំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។
សូមបញ្ជាក់ថា សត្វត្រយងចង្កំកស ត្រូវគេដាក់បញ្ចូលក្នុងបញ្ជីក្រហម IUCN ថាជាសត្វជិតផុតពូជលើលោក ហើយសត្វត្រយងចង្កំកស (Pseudibisdavisoni) នេះ ត្រូវគេប្រទះឃើញនៅទ្វីបអាស៊ីពិសេសប្រទេសកម្ពុជា រស់នៅក្នុងព្រៃល្បោះ ភាគខាងកើតនៃប្រទេសកម្ពុជា៕