ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រជាពលរដ្ឋ ២១៨គ្រួសារ ក្នុងខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ស្ទឺងត្រែង៖ នៅថ្ងៃទី៩ ដល់ទី១០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក សរុប ២១៨គ្រួសារ។

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាបានចែកជូនគ្រួសាររស់នៅក្នុងឃុំចំនួន៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងនោះ ឃុំកាំងចាម សម្រាប់ប្រជាពលរដ្ឋ ១៣៧គ្រួសារ ឃុំអូររៃ សម្រាប់ប្រជាពលរដ្ឋ ៥១គ្រួសារ និងឃុំថាឡាបរិវ៉ាត់ សម្រាប់ប្រជាពលរដ្ឋ ៣០គ្រួសារ។ អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារនីមួយៗមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ សាប៊ូ ១ដប និងឃីត (សារុង មុង ភួយ ក្រមា) ១កញ្ចប់។ ដោយឡែកជនចាស់ជរាជនមានពិការភាព និងស្ត្រីដែលទើបសម្រាលកូនរួចនូវថវិកាមួយចំនួនបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋឱ្យថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុពីក្តៅទៅត្រជាក់ រួមទាំងភ្លៀង ដែលអាចបណ្តាលឱ្យកើតមានជម្ងឺផ្សេងៗ និង បន្តយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-១៩ បម្លែងថ្មី និងទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យដែលអាចបណ្តាលឱ្យមានការឆាបឆេះទ្រព្យសម្បត្តិ និងអាយុជីវិតជាយថាហេតុ។

លើសពីនេះ ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទាំងនោះឱ្យប្រជាពលរដ្ឋចំនួន៥គ្រួសារទៀតនៅតាមផ្ទះ ដែលមិនអាចធ្វើដំណើរមកដោយផ្ទាល់បាន រួមទាំងបាននាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃដែលគង់នៅវត្តសីហារាម (ហៅវត្តកាំងចាម) និងវត្តអូររៃ ដោយក្នុងមួយវត្តរួមមាន អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ ទឹកបរិសុទ្ធ ៥កេស។ បន្ថែមលើនេះវត្តសីហារាម (ហៅវត្តកាំងចាម) ប្រគេនថវិកាចំនួន ៧០ម៉ឺនរៀល និងវត្តអូររៃ ប្រគេននូវថវិកា ចំនួន ៦០ម៉ឺនរៀល ដែលក្នុងនោះក៏មានថវិកាពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែងផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក