ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី និងច្បាស់លាស់ថា ផ្ទះ និងដីដែលជារបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ សព្វថ្ងៃគឺជាក្លែងបន្លំយក និងថាដល់ពេលដែល «ក្រសួងការបរទេសត្រូវយកមកវិញហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុករបស់សម្ដេចដោយភ្ជាប់ជាមួយការបកស្រាយរបស់ គង់ គាំ ដែលថា ដីនិងផ្ទះនៅខណ្ឌចំការមនរបស់លោកគឺពិតជាទទួលបាន «ការយោគយល់» ពីសម្ដេចតេជោក្នុងពេលដែលសម្ដេចតេជោធ្វើជារដ្ឋមន្ត្រីការបរទេសពិតប្រាកដមែន។
សម្ដេចបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល»។
សម្ដេចតេជោបញ្ជាក់បន្ថែមថា លោក គង់ គាំ បានធ្វើការក្លែងបន្លំយកដី និងផ្ទះរដ្ឋធ្វើជាកម្មសិទ្ធិឯកជន ដែលវាត្រូវដល់ពេលដែលក្រសួងការបរទេសត្រូវយកមកវិញហើយ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។
គួរឱ្យដឹងផងដែរថាផ្ទះរបស់លោក គង់ គាំ បច្ចុប្បន្នគឺជាទីតាំងស្នាក់ការគណបក្សឆន្ទៈខ្មែរ ដែលមានទីតាំងជិតស្ថានទូតរុស្ស៊ី ក្នុងតំបន់ប្រជុំជនដែលអាចមានតម្លៃដល់ជាង ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ៕