អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ACU លម្អិតបន្ថែមជុំវិញការឃាត់ខ្លួន លោក ឡាយ សំណាង ពីបទកិបកេងយកថវិកាជាតិជាង ៣៨ម៉ឺនដុល្លារ

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានចេញសេចក្តីប្រកាសព័ត៌មានលម្អិតជុំវិញករណីឃាត់ខ្លួន និងបញ្ជូន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ទៅតុលាការពាក់ព័ន្ធនឹងការកិបកេងយកថវិកាគម្រោងជំនួយសង្គមជួយដល់ពលរដ្ឋក្រីក្រ និងជំនួយឧបត្ថម្ភនានា។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោក ឡាយ សំណាង បានចូលបម្រើការងារជាមួយមន្ត្រីរាជការចាប់តាំងពីឆ្នាំ១៩៩៣។ នៅឆ្នាំ២០០២ លោកបានកាន់តំណែងជាប្រធានការិយាល័យអភិវឌ្ឍន៍ ស្រុកបាភ្នំ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ហើយចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧ ជាមន្ត្រីសម្របសម្រួល នៃកម្មវិធី កំណែទម្រង់ថ្នាក់ក្រោមជាតិ ប្រចាំខេត្តព្រៃវែង។

ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ លោក ឡាយ សំណាង ទទួលតំណែងជាមន្ត្រីនៃនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយបន្តមកកាន់តំណែង ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ក្នុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ ទទួលតំណែងបន្ថែមជាភ្នាក់ងារបើកផ្តល់ទទួលបន្ទុកការងារបើកថវិកាពីធនាគារជាតិយកមកទុកនៅបេឡារបស់ក្រសួង និងបញ្ចូន ថវិកាទៅតាមគោលដៅនានារហូតដល់បច្ចុប្បន្ននេះ។

អ្នកនាំពាក្យ ACU បានអះអាងថា តាំងពីលោក ឡាយ សំណាង មានសិទ្ធិអំណាចតំណាងក្រសួងទៅទទួលអាណត្តិបើកប្រាក់ពីរតនាគារជាតិដើម្បីបន្តបញ្ជូនបង្វែរប្រាក់នៅតាមគោលដៅដែលក្រសួងបានសម្រេច គឺ ACU បានរកឃើញថាបុគ្គលរូបនោះបានកិបកេងយកប្រាក់គម្រោងចំនួន ១១គម្រោង មានទំហំទឹកប្រាក់សរុបជាង ១ ៥០០លានរៀល ឬស្មើនឹង ៣៨៧ ០០០ដុល្លារអាមេរិក តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។

ដោយក្នុងឆ្នាំ២០១៩ រកឃើញករណីចំនួន ៤គម្រោង ក្នុងនោះ កិបកេងយកថវិការបបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួន ២ ០៦៣នាក់ នៅខេត្តស្វាយរៀងចំនួនជាង ៤៣៥លានរៀល។ ថវិកាសម្រាប់ការប្រកួតកីឡាស្បៃស្បាល់អូឡាំពិកកម្ពុជាចំនួន ៩៥លានរៀល ថវិកាឧបត្ថម្ភជូនអត្តពលិកជ័យលាភី និងប្រតិភូកីឡាស្ប៉ាស្យាល់អូឡាំពិកកម្ពុជា ចំនួន ១០៦លានរៀល និងប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ ចំនួន ១ ៨៤៨នាក់ នៅខេត្តតាកែវ សៀមរាប និងខេត្តឧត្តរមានជ័យ ចំនួនជាង ៣១៧លានរៀល។

នៅឆ្នាំ២០២០ លោក ឡាយ សំណាង បន្តស៊ីដាច់ថវិកាសរុបចំនួនមាន ៧គម្រោងទៀតដាក់ចូលក្នុងហៅប៉ាវរបស់ខ្លួន ក្នុងនោះថវិកាសម្រាប់ទូទាត់សោហ៊ុយបេសកកម្មក្នុងប្រទេស ឆ្នាំ២០១៩ ចំនួន ១៦៤លានរៀល។ ថវិកាសម្រាប់ឧបត្ថម្ភដល់មន្ត្រីទទួលមរណភាពចំនួន ១នាក់ ឆ្នាំ២០១៩ ចំនួនជាង ៧៤លានរៀល។ ថវិកាសម្រាប់ឧបត្ថម្ភរបបគោលនយោបាយដល់កុមារកំព្រាចំនួន ១នាក់ ដែលត្រូវធ្វើសមាហរណកម្ម ចំនួនជាង ១លានរៀល។

ជាមួយគ្នានេះកិបកេងថវិកាសម្រាប់ពិធីបុណ្យសពកុមារចំនួន ១រូប ចំនួន ៥៤ម៉ឺនរៀល។ ថវិការបបមជ្ឈមណ្ឌលជាតិព្យាបាល ត្រីមាសទី២ ចំនួនជាង ១៧៦លានរៀល។ ថវិការបបមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹម និងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សម្រាប់ត្រីមាសទី២ ចំនួនជាង ១៦៦លានរៀល និងថវិកា របបជូនបុរីទារក និងកុមារជាតិ ត្រីមាសទី៣ ចំនួនជាង ៧៧លានរៀលទៀត។

អ្នកនាំពាក្យបានបន្តថា លោក ឡាយ សំណាង រូបនេះ មិនបានដកថវិកាប្រគល់មកឱ្យបេឡារបស់ក្រសួងសង្គមកិច្ចរក្សាទុកឡើយ ពេលដែលខាងបេឡាករសួរនាំអំពីថវិកាដែលបានបើក បុគ្គលរូបនោះបានឆ្លើយដោះសាររហូត។

ក្រសួងសង្គមកិច្ចបានរកឃើញភស្តុតាងថា លោក ឡាយ សំណាង បានកិបកេងថវិការដ្ឋចំនួន ៧គម្រោងដែលមានទំហំទឹកប្រាក់ជាង ២៦ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ បុគ្គលរូបនោះក៏បានសារភាពថាខ្លួនពិតជាប្រព្រឹត្តអំពើល្មើសនឹងច្បាប់ពិតមែន ហើយក្រសួងបានតម្រូវឱ្យលោក ឡាយ សំណាង ធ្វើកិច្ចសន្យានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ និងពិន័យរដ្ឋបាល ដោយតម្រូវឱ្យសងសំណងថវិកាជាង ២៦ម៉ឺនដុល្លារនោះមកឱ្យក្រសួងវិញ។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រសួងក៏បានសម្រេចដាក់ពាក្យប្តឹងករណី ឡាយ សំណាង កិបកេងថវិការបស់ក្រសួងចំនួន ០៧គម្រោងមក ACU និងដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង នៃពាក្យប្ដឹងនោះមក ACU ដើម្បីជាសមត្ថកិច្ច។

ក្រោយពីទទួលបានសំណុំរឿងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតស្រាវជ្រាវហ្មត់ចត់អស់រយៈពេល ១៣ខែ ក្នុងការប្រមូលភស្តុតាង និងស្តាប់ចម្លើយសាក្សី ទើបដឹងថាករណីលោក ឡាយ សំណាង ពិតជាដូចនឹងការចោទប្រកាន់របស់ក្រសួងសង្គមកិច្ចពិតមែន។

បន្ថែមពីនេះ ACU បានរកឃើញអំពើកិបកេងយកផលប្រយោជន៍ដោយខុសច្បាប់របស់ ឡាយ សំណាង លើគម្រោងចំនួន ៤ទៀត ដែលមានអាណត្តិបើកប្រាក់សរុបចំនួនជាង ១២ម៉ឺនដុល្លារទៀត។ លើសពីនេះ ACU ក៏បានរកឃើញនូវបទល្មើសមួយទៀតដែលប្រព្រឹត្តដោយ ឡាយ សំណាង គឺបទល្មើសលាងសម្អាតប្រាក់ ពោលគឺលុយដែលបានមកពីអំពើពុករលួយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់ EAC news ឱ្យដឹងថា មន្រ្តីក្រសួងសង្គមកិច្ច លោក ឡាយ សំណាង រូបនេះជាប់សង្ស័យពីបទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងជាប់ពីបទ «សម្អាតប្រាក់ ដោយខុសច្បាប់»។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ បានចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។

បើយោងតាមច្បាប់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ក្នុងមាត្រា៣៨ ចែងថា ជនដែលប្រព្រឹត្តបទល្មើសសម្អាតប្រាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀលទៅ ៥០០លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក