ភ្នំពេញ៖ មិនមែនរឿងចៃដន្យទេ! ដែលចែកចាយបទចម្រៀង «ឈាមបាតុករ» ក្នុងពេលកម្ពុជាត្រៀមបោះឆ្នោត ខណៈថ្ងៃនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងហៅមនុស្សម្នាក់ទៀតមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយបទចម្រៀងនេះ ដែលថាបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ EAC News ថារហូតមកដល់ថ្ងៃនេះមានមន្ត្រីសង្គមស៊ីវិល ៣រូបហើយបានចូលបំភ្លឺ ទាក់ទងទៅនឹងការការផ្សព្វផ្សាយឡើងវិញបទចម្រៀង «ឈាមបាតុករ» ហើយនៅសល់មួយរូបទៀតនឹងចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
លោកប្រាប់ EAC News តាមរយៈសារអេឡិចត្រូនិចតេឡេក្រាមថា៖ «ការកោះហៅនេះទាក់ទងទៅនឹងការផុសវីដេអូ ដែលមានលក្ខណ: អុចអាល ញុះញង់ និងអាចបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម»។
គួរឱ្យដឹងដែរថា លិខិតកោះហៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែល EAC News ទទួលបានឱ្យដឹងថា សមត្ថកិច្ចកោះហៅមន្រ្តីសង្គមស៊ីវិល ៤នាក់ ចូលបំភ្លឺនៅអគ្គស្នងការដ្ឋានរាជធានីភ្នំពេញ ក្នុងនោះមាន នាយកអង្គការលីកាដូ លោក អំ សំអាត ដែលបានចូលបំភ្លឺនៅថ្ងៃទី៩ ខែមករា។ នាយកប្រតិបត្តិនៃអង្គការសង់ត្រាល លោក មឿន តុលា ជាមួយប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ចូលបំភ្លឺនៅថ្ងៃទី១០ ខែមករា ព្រមទាំងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ដែលត្រូវចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
អគ្គស្នងការនគរបាលជាតិជាតិបញ្ជាក់ថា ការកោះហៅមន្ត្រីសង្គមស៊ីវិលទាំង៤រូបនេះឱ្យចូលបំភ្លឺគឺទាក់ទងនឹងការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។
ជាមួយគ្នានេះដែលអង្គការលីកាដូ និង អង្គការសង់ត្រាល់បានលុបបទ ឈាមបាតុករ នោះចេញពីទំព័របណ្តាញសង្គមហើយ ខណៈអង្គការលីកាដូបញ្ជាក់ថាដើម្បីជៀសវាងពីការទទួលរងនូវវិធានការផ្លូវច្បាប់បន្ត ក៏សម្រេចចិត្តលុបវីដេអូចម្រៀងចេញពីបណ្តាញសង្គមរបស់ខ្លួន និងអះអាងថាវីដេអូចម្រៀងនេះ មិនមែនជាបទល្មើសញុះញង់នោះទេ តែការចេញផ្សាយវីដេអូ គឺជាសេរីភាពក្នុងការបញ្ចេញមតិដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ៕