ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានចរន្តខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ភ្លាមៗបន្ទាប់ពីចុះចាប់ត្រីក្នុងអាងខ្វះការប្រុងប្រយ័ត្នចាប់ប៉ះចំខ្សែភ្លើងដាច់។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ឆ្លងតាមការបំភ្លឺរបស់មិត្តភ័ក្រជនរងគ្រោះលោក សាន ជូ អាយុ ១៨ឆ្នាំ ឱ្យដឹងថានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទី ឈ្មោះ តា សំ ភេទប្រុស ឈ្មោះ រីឆាត ឈ្មោះ ពុំ សំណាង (សព) និងរូបខ្លួន បានចុះចាប់ត្រីក្នុងអាងក្រោយរោងម៉ាស៊ី បានមួយសន្ទុះស្រាប់តែឈ្មោះ ពុំ សំណាង ហៅវែង (សព) ត្រូវខ្សែភ្លើងឆក់ដួលទៅក្នុងទឹក ពេលនោះ តា សំ ក៏បានរត់ទៅបិទកុងតាក់ភ្លើង ហើយរូបខ្លួនក៏ស្ទុះទៅចាប់ទាញ តែទាញមិនរួច ហើយក៏បាននាំគ្នាចុះទៅលើកយកទៅមណ្ឌលសុខភាពព្រៃខ្ពស់ ប៉ុន្តែត្រូវបានពេទ្យប្រាប់ថាដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។
ក្រោយពីគ្រូពេទ្យនិងផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕