អេស្ប៉ាញ៖ យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Real Sociedad បានប្រកាសឱ្យដឹងថា ក្លិបបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយអ្នកចាំទីវ័យ ២៩ឆ្នាំ Matthew Ryan ពីក្លិប Brighton & Hove Albion ដែលមានន័យថា កីឡាកររូបនេះនឹងចាប់ផ្តើមបង្ហាញខ្លួនជាមួយក្លិបនៅលីគកំពូលអេស្ប៉ាញចាប់ពីរដូវកកាល ២០២១/២០២២នេះតទៅ។
គួរបញ្ជាក់ថា ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញនេះ ក្រោយពេលដែល Mat Ryan បានចំណាយពេលពេញ ៣រដូវកាលជាមួយក្លិប Brighton នៅក្របខណ្ឌ Premier League ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ មុននឹងដាក់ឱ្យ Arsenal ខ្ចីពេញមួយរដូវកាល ២០២១កន្លងទៅ។ យ៉ាងណាក្តី នេះមិនមែនជាការទៅប្រកបអាជីពនៅអេស្ប៉ាញជាលើកដំបូងរបស់អ្នកចាំទីសញ្ជាតិអូស្រ្តាលីនេះឡើយ ពោលគឺរូបគេក៏ធ្លាប់បានបង្ហាញខ្លួនជាមួយក្លិប Valancia ក្នុងឆ្នាំ២០១៥-២០១៧ ផងដែរ។
ដោយឡែក ពាក់ព័ន្ធនឹងក្រុមជម្រើសជាតិអូស្រ្តាលីឯណេះវិញ Mat Ryan គឺជាកីឡាករស្នូលមួយរូប ដែលរួមចំណែកជួយឱ្យអូស្រ្តាលីឈ្នះពាន AFC Asian Cup ម្តងកាលពីឆ្នាំ២០១៥ និងថ្មីៗនេះជាអ្នកចាំទីដៃទី១ ដែលនាំឱ្យអូស្រ្តាលីឡើងទៅកាន់វគ្គជម្រុះជុំចុងក្រោយ FIFA World Cup តំបន់អាស៊ី ស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិជប៉ុន, អារ៉ាប៊ីសាអូឌីត, ចិន, អូម៉ង់ និងវៀតណាម ដោយត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិមុនគេនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ៕