កណ្ដាល៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា រដ្ឋបាលខេត្តមិនទាន់ទទួលលិខិតផ្លូវការពីទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យមានចំណាត់ការលើឈ្មោះ សៀង ចាន់ហេង នៅឡើយទេ ខណៈលោកថា រដ្ឋបាលខេត្តក៏ត្រៀមចំណាត់ការដោះស្រាយផងដែរ។
ថ្លែងប្រាប់ EAC News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែមករា នេះលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា លោកបានដឹងព័ត៌មាននេះពីបណ្ដាញសង្គម តែពីរដ្ឋបាលខេត្តនៅមិនទាន់បញ្ជូនមកនៅឡើយ។ លោកថា ក្រោយពីទទួលលិខិតផ្លូវការលោកនឹងចាត់ការតាមការណែនាំរបស់ថ្នាក់ជាតិ។
លោកថា៖ «យើងអនុវត្តន៍តាមគោលការណ៍អញ្ចឹងតើ។ តែយើងចាំមើលការសម្របសម្រួលបែបមិច ព្រោះធ្វើអីក៏ដោយយើងត្រូវពិនិត្យតាមការអនុវត្តន៍ជាក់ស្ដែង»។
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ មានការចែកចាយតាមបណ្ដាញសង្គមនូវលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការ កែន សត្ថា ជម្រាបទៅរដ្ឋមន្ត្រីមហាផ្ទៃ និងអភិបាលខេត្តកណ្ដាល ឱ្យចាត់នីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអាយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល៕