ពិភពលោក៖ មន្រ្តីនៃអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសនៅថ្ងៃពុធនេះថា បណ្ដាប្រទេសនានាគួរពិចារណាក្នុងការណែនាំដល់អ្នកដំណើរទាំងឡាយ គប្បីត្រឡប់មកពាក់ម៉ាស់ឡើងវិញសម្រាប់ការហោះហើររយៈពេលវែង ស្របពេលដែលវីរុសកូវីដ-១៩ ពូជអូមីក្រុង (Omicron) ថ្មី កំពុងតែរីកសាយភាយយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក។
ដោយឡែក នៅឯទ្វីបអឺរ៉ុបឯណោះវិញ ពូជកូវីដ-១៩ថ្មី XBB.1.5 កំពុងមានការរាលដាលក្នុងចំនួនតិចតួច ប៉ុន្តែមានការកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់ដោយមន្រ្តីនៃអង្គការសុខភាពពិភពលោក។
មន្រ្តីទទួលបន្ទុកជាន់ខ្ពស់នៃកិច្ចការបន្ទាន់របស់ WHO ប្រចាំទ្វីបអឺរ៉ុបបានថ្លែងថា អ្នកដំណើរទាំងអស់គប្បីណែនាំឱ្យមានការពាក់ម៉ាស់ឡើងវិញ ជាពិសេសក្នុងបរិយាកាសដែលអាចប្រឈមនឹងការឆ្លងខ្ពស់ ដូចជានៅពេលធ្វើដំណើរតាមជើងហោះហើររយៈពេលវែង ដែលនេះគប្បីជាបញ្ហាដែលគួរយកចិត្តទុកដាក់សម្រាប់អ្នកដំណើរមកពីគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក។
គួរបញ្ជាក់ថា កូវីដ-១៩ ប្រភេទ XBB.1.5 ជាប្រភេទបម្លែងពូជ Omicron ដែលអាចឆ្លងបានច្រើន និងរហ័សបំផុតដែលត្រូវបានគេរកឃើញ ដែលរហូតមកដល់ពេលនេះ មានចំនួនស្មើនឹងជាង ២៧.៦ភាគរយនៃករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថា តើប្រភេទ XBB.1.5. នេះនឹងអាចបង្កជារលកឆ្លងថ្មីដោយពូជរបស់វាឬយ៉ាងណាឡើយ ខណៈអ្នកជំនាញលើកឡើងថា បច្ចុប្បន្ននេះវ៉ាក់សាំង នៅតែបន្តការពារមិនឱ្យមានការឆ្លង មិនឱ្យមានអាការៈ ក៏ដូចជាមិនមានអ្នកសម្រាកព្យាបាលធ្ងន់ធ្ងរដោយសារកូវីដ-១៩ ផងដែរ៕