
គម្រោងសាងសង់មជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៣០ភាគរយ ហើយនឹងបញ្ចប់រួចរាល់នៅខែសីហា
បន្ទាយមានជ័យ៖ គម្រោងសាងសង់អគារមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៣០ភាគរយហើយ ដោយគម្រោងនេះនឹងបញ្ចប់រួចរាល់នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញឹក វណ្ណារ៉ា បានបញ្ជាក់ឱ្យដឹងបែបនេះក្នុងពេលលោកចុះត្រួតពិនិត្យមើលគម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
លោក ញឹក វណ្ណារ៉ា បន្តថា គម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលសំចត និង ស្ដារនីតិសម្បទាជនរងគ្រោះខេត្តបន្ទាយមានជ័យនេះនឹងប្រើរយៈពេល១ឆ្នាំដោយចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០២២ រហូតដល់ខែសីហា ឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ជាង ២.៣លានដុល្លារអាមេរិក។
លោកសង្ឃឹមថាក្រោយមជ្ឈមណ្ឌលមួយនេះបើកដំណើរការ នឹងបម្រើផលប្រយោជន៍ជួយដល់ជនរងគ្រោះដោយអំពីការជួញដូរមនុស្សឆ្លងដែននៅតាមច្រកព្រំដែន។
លោកបានបន្ថែមថា ភាគីថៃក៏នឹងបណ្តុះបណ្តាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលមួយនេះរយៈពេល៦ខែ ចាប់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០២៣។
អគ្គរាជទូតថៃប្រចាំកម្ពុជាលោក Panyarak Poolthup បានលើកឡើងថា គម្រោងមជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះខេត្តបន្ទាយមានជ័យ នេះនឹងជួយសម្រួលដល់ពលករចំណាកស្រុកស្នាក់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាព ជាពិសេសបង្កើនកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះនឹងរួមចំណែក ជួយដល់ជនរងគ្រោះក្នុងបទល្មើសជួញដូរមនុស្សឱ្យមានក្តីសង្ឈឹមក្នុងជីវិតសាជាថ្មី តាមរយៈការផ្តល់ជំនាញបណ្តុះបណ្តាលផ្សេងៗ៕