កូរ៉េខាងត្បូង៖ ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្អាកនូវការផ្តល់ទិដ្ឋការរយៈខ្លីសម្រាប់អ្នកទេសចរកូរ៉េខាងត្បូង ដែលមានបំណងចូលទៅកាន់ប្រទេសចិន ដែលនេះគឺជាការឆ្លើយតបទៅនឹងវិធានការរឹតត្បិតរបស់កូរ៉េខាងត្បូងទៅលើអ្នកដំណើរមកពីចិន ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ កន្លងមក។
ស្ថានទូតចិន នឹងដាក់ចេញនូវវិធានការដែលជាការឆ្លើយតបនឹងអ្វីដែលគេហៅថាជាការរើសអើងរបស់កូរ៉េខាងត្បូង ចំពោះអ្នកដំណើរមកពីប្រទេសចិន។ នេះបើតាមការបញ្ជាក់ពីបណ្តាញសង្គម WeChat ផ្លូវការរបស់ស្ថានទូតចិន។
ការប្រកាសនេះបានធ្វើឡើង ក្រោយពេលដែលរដ្ឋមន្រ្តីការបរទេសចិន លោក Qin Gang បានសម្តែងការព្រួយបារម្ភអំពីការរឹតបន្តឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូងលោក Park Jin។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសចិន។
លោក Lim Soo-Suk អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងក្នុងកិច្ចប្រជុំមួយថា៖ “វិធានការដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋាភិបាលយើង (កូរ៉េខាងត្បូង) លើអ្នកធ្វើដំណើរមកពីប្រទេសចិនគឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងគោលបំណងជាក់លាក់ពិតប្រាកដមួយ។ យើងបាននិងកំពុងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធដោយតម្លាភាពជាមួយសហគមន៍អន្តរជាតិ ហើយក៏បាននិងកំពុងទំនាក់ទំនងជាមួយភាគីចិនផងដែរ”។
គួរបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសតម្រូវឱ្យមានការធ្វើតេស្ត PCR ចំពោះអ្នកដំណើរមកពីប្រទេសចិន ដែលជាវិធានការស្រដៀងគ្នាជាមួយប្រទេសនានាផ្សេងទៀត ក្រោយពេលដែលប្រទេសចិនបានបិទបញ្ចប់វិធានការ ZERO-Covid របស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមដានស្វែងរកបុរសម្នាក់ដែលបានបាត់ខ្លួនអំឡុងពេលធ្វើចត្តាឡីស័ក ក្រោយពេលដែលលទ្ធផលតេស្ត PCR របស់បុរសម្នាក់នោះមានលទ្ធផលវិជ្ជមាន៕