ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

«បុណ្យទន្លេ» លើកទី៧ នឹងចាប់ផ្តើមធ្វើឡើងវិញនៅខែមីនា ក្រោយខកខាក ២ឆ្នាំ

កំពង់ធំ៖ ពិធីបុណ្យទន្លេលើកទី៧ នឹងចាប់ផ្តើមធ្វើឡើងវិញនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឆ្នាំនេះខេត្តកំពង់ធំនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ដែលបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ជាមួយអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ពិធីបុណ្យទន្លេត្រូវបានរដ្ឋាភិបាលផ្អាករៀបចំរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាឆ្នាំនេះមានភាពធូរស្រាល ទើបរដ្ឋាភិបាលបានសម្រេចរៀបចំបុណ្យទន្លេនេះឡើងវិញ។

លោកបន្តថា បុណ្យទន្លេដែលខេត្តកំពង់ធំនឹងក្លាយជាម្ចាស់ផ្ទះរៀបចំនេះនឹងធ្វើឡើងនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ហើយអាចបន្តរហូតដល់ថ្ងៃទី១១ ដល់១២ ខែមីនា ដែលចំថ្ងៃចុងសប្តាហ៍ ពោលឆ្នាំនេះធ្វើរយៈពេលវែងរហូតដល់ ៥ថ្ងៃ ខណៈឆ្នាំកន្លងៗទៅធ្វើតែរយៈពេល ៣ថ្ងៃ។

គូសបញ្ជាក់ថា ក្នុងពិធីបុណ្យទន្លេនៅខែមីនាខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍តាំងពិពណ៌ផលិតផលទាំងឡាយដែលមាននៅតាមដងទន្លេ ផលិតផលកសិកម្មក្នុងស្រុក កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងទស្សនាទស្សនីយ៍ភាពវប្បធម៌ ដូចជា ការប្រកួតកីឡាប្រដាល់ ប៊ូល រត់ប្រណាំង។

បន្ថែមពីនេះក៏នឹងមានពិធីដាំដើមឈើ ជាសួនទេសចរណ៍ ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ កម្មវិធីសំណេះសំណាលជាមួយសហគមន៍ផាត់សណ្តាយ និងសកម្មភាពផ្សេងៗទៀតជាច្រើន។

សូមរំលឹកថា កាលពីឆ្នាំ២០២០ ពិធីបុណ្យទន្លេត្រូវបានប្រារព្ធឡើងនៅខេត្តបាត់ដំបង ដោយមានពលរដ្ឋ និងភ្ញៀវទេសចរជិត ៣០ម៉ឺននាក់។ បុណ្យទន្លេ ចាប់ផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២០ ហើយក៏ផ្អាកធ្វើនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារវិបត្តិកូវីដ-១៩។

ពិធីបុណ្យទន្លេត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើងក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជាឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក