សៀមរាប៖ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ា និងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន។
ពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី២នេះធ្វើឡើងដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប តាមប្រព័ន្ធអនឡាញ (Zoom)។ លោកបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ាឱ្យកាន់តែប្រសើរឡើង។
លោក ប៉ាក់ សុខុម បានឱ្យដឹងថា ការបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។
អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក Kunihiko Hirabayashi បានគូសបញ្ចាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងជំនាញបន្ថែមដល់អ្នកជំនាញស្ប៉ាម៉ាស្សា ដែលបានផ្អាកពីការងារក្នុងអំឡុងកូវីដ-១៩ ឲ្យទទួលបានចំណេះដឹង និងជំនាញឡើងវិញ ដើម្បីចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក៏ដូចជារង់ចាំស្វាគមន៍ទេសចរជប៉ុន ព្រោះថាទេសចរជប៉ុនចូលចិត្តសេវាកម្មម៉ាស្សានេះ។
លោកបានបន្តថា ជំនាញស្ប៉ាម៉ាស្សានេះទាមទារឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព។
គួរឱ្យដឹងដែរថា បច្ចុប្បន្នក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ប្រទេសសមាជិកកំពុងខិតខំជំរុញការបណ្តុះបណ្តាលជំនាញ៣២ ក្នុងផ្នែកសេវាកម្មសណ្នាគារ និងសេវាកម្មធ្វើដំណើរ តាមស្តង់ដាបណ្ដុះបណ្ដាលរួមអាស៊ាន។ អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា៦ និងជំនាញម៉ាយ ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឲ្យអាស៊ានមានជំនាញ ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញបម្លាស់ទីការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់។
សូមបញ្ជាក់ថា កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះមួយវគ្គម្តងរួចមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២៕





