អ៉ីតាលី៖ អ៉ីតាលី នឹងមិនមានសេចក្តីសម្រេចថ្មីណាមួយពាក់ព័ន្ធនឹងការផ្តល់អាវុធឱ្យទៅកាន់ប្រទេសអ៊ុយក្រែនឡើយរហូតដល់ខែកុម្ភៈខាងមុខនេះ ដោយសារបញ្ហាពិចារណាទៅលើខ្ទង់ចំណាយ, កង្វះខាតផ្នែកយោធា និងសម្ពាធផ្នែកនយោបាយនៅក្នុងប្រទេស អ៉ីតាលីផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន la Repubblica។
កាលពី ២សប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រកាសថា រដ្ឋាភិបាលទីក្រុងរ៉ូម នឹងពិចារណាអំពីលទ្ធភាពនៃការផ្តល់ប្រព័ន្ធការពារដែនអាកាសមកឱ្យអ៊ុយក្រែន ក្រោយពីលោកបានជួបជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចរជៀ មេឡូនី (Giorgia Meloni) ដែលក្នុងនោះលោកស្រីបានបញ្ជាក់សាជាថ្មីអំពីជំហរគាំទ្រយ៉ាងរឹងមាំរបស់ អ៉ីតាលីជាមួយអ៊ុយក្រែន។ ក្រោយនេះមិនបានប៉ុន្មានផង រដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក គីដូ ក្រូសេតូ (Guido Crosetto) បានបញ្ចេញមតិជាមួយភាពមិនច្បាស់លាស់ថា តើអ៉ីតាលីមានលទ្ធភាពក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសឱ្យទៅអ៊ុយក្រែនបានដែរឬយ៉ាងណា?
ផ្អែកតាមប្រភពមិនបញ្ចេញច្បាស់លាស់មួយ សារព័ត៌មាន la Repubblica បានចុះផ្សាយថា លោកស្រីនាយករដ្ឋមន្រ្តី Giorgia Meloni ដែលជាអ្នកបង្ហាញជំហរគាំទ្រទីក្រុងគៀវ (Kiev) យ៉ាងរឹងមាំនោះ កំពុងប្រឈមមុខនឹងការតស៊ូលើការអនុម័តនៃក្រឹត្យមួយដើម្បីបញ្ជូនអាវុធទៅអ៊ុយក្រែនពីសម្ព័ន្ធមិត្តស្តាំនិយមរបស់លោកស្រីគឺ លោកឧបនាយករដ្ឋមន្រ្តី Matteo Salvini និង លោក Silvio Berlusconi ដែលជាអ្នកនយោបាយចាស់វស្សា និងធ្លាប់ជានាយករដ្ឋមន្រ្តី ៤រដ្ឋាភិបាលរួចមកហើយ។
អ្នកនយោបាយដ៏មានឥទ្ធិពលទាំងពីររូបនេះ ត្រូវបានគេដឹងថាជាអ្នកនយោបបាយដែលមានទំនាក់ទំនងយូរលុង និងស្អិតរមួតជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ យ៉ាងណាមិញ ឆ្លើយតបនឹងអ្នកសារព័ត៌មាននៅថ្ងៃចន្ទម្សិលមិញ គណបក្សរបស់អ្នកនយោបាយអ៉ីតាលីទាំងពីររូបនេះបានបញ្ជាក់ថា សាមីខ្លួនអ្នកនយោបាយទាំងពីររូបពុំមានបញ្ហាណាមួយជាមួយក្រឹត្យដែលកំពុងស្វែងរកការអនុម័តនេះឡើយ៕