វៀតណាម៖ ក្រុមនាគមាសវៀតណាម បានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Championship សាជាថ្មីម្តងទៀតនាឆ្នាំ២០២២នេះ ដែលជាការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្រោយទម្លាក់ក្រុមឥណ្ឌូណេស៊ីដោយលទ្ធផល ២-០ នៅកីឡដ្ឋាន My Dinh កាលពីយប់មិញនេះ។
ក្រុមទាំងពីរបានប៉ះគ្នាកាលពីជើងទី១ នៅកីឡដ្ឋាន Gelora Bung Karno ដោយលទ្ធផលបញ្ចប់ទៅ 0-០ ខណៈត្រឡប់មកទឹកដីវៀតណាមវិញ លោក Park Hang Seo បានដឹកនាំក្រុមទម្លាក់ក្រុមគ្រូបង្វឹកមិត្តរួមជាតិកូរ៉េខាងត្បូងដូចគ្នាគឺលោក Shin Tae-yong ដោយគ្រាប់បាល់កីឡាករ Nguyen Tien Linh របស់ក្លិប Becamex Binh Doung នៅនាទីទី៣ និងនាទីទី៤៧ នាវគ្គទី២។ គួរបញ្ជាក់ថា នេះគឺជាការឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៤របស់វៀតណាម ដោយនៅឆ្នាំ១៩៩៨ បានត្រឹមជើងឯករង ខណៈឆ្នាំ២០០៨ និង ២០១៨ គ្រងជើងឯក។
ដោយឡែក វៀតណាម នឹងរង់ចាំក្រុមមួយដែលនឹងឈានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិថៃ ជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ក្រោយពីជើងទី១ នៅកីឡដ្ឋាន Bukit Jalil ម៉ាឡេស៊ី នាំមុខថៃ ១-០។ ការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិថៃ ជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមករានេះតែម្តង វេលាម៉ោង ៧៖៣០នាទីយប់ នៅកីឡដ្ឋាន Thammasat៕